អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អាកាសធាតុនៅកម្ពុជា មិនទាន់កើនឡើងដល់កម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងដល់កម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ ហើយសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។ ឯកឧត្ដមបានបន្ដថា តាមទិន្នន័យដែលទទួលបានពីឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យកត់សម្គាល់នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមានតូចជាងឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ទាក់ទងនឹងការធ្លាក់ចុះនេះដែរ ឯកឧត្ដមអ្នកនាំពាក្យបានពន្យល់ថា ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់នៅកម្ពុជាបានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិតនេះមិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាន នឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ ឯកឧត្ដមបានបន្ដទៀតថា ក្រសួងបានបញ្ចេញរថយន្ដចល័តដើម្បីពិនិត្យគុណភាពខ្យល់ ដែលមានទីតាំងចំនួន៦០កន្លែង នៅទូទាំងប្រទេស ហើយនៅរាជធានីភ្នំពេញមាន១០ ទីតាំងផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះគុណភាពខ្យល់នេះ មានប្រភពមកពីការបញ្ចេញផ្សែងពីយានយន្ត រោងចក្រ ឧស្សាហកម្ម ការដុតសំណល់កសិកម្ម គល់ជញ្ជាំ្រង ភ្លើងឆេះព្រៃ ការផុតសំរាម សំណល់រឹងនៅតាមលំនៅឋាន និងប្រភពផ្សេងៗទៀត រួមផ្សំនឹងកត្តាប្រែប្រួលធាតុអាកាស។
យោងតាមសេចក្តីជូនដំំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា យោងតាមការអង្កេតលើស្ថានភាពអាកាសធាតុ និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង៧៖០០ព្រឹក នឹងមានបាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងប្រទេសកម្ពុជា។ បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើដំណើរចរាចរណ៍៕
ដោយ៖ ប៊ុនរិទ្ធ





