ឯកឧត្តម ហ៊ែល តូនី បើកកិច្ចប្រជុំស្រាវជ្រាវករណីមិនប្រក្រតីលើដីព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ សង្កាត់ជ្រាវ ក្រុងសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានប្រជុំណែនាំក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប នឹងចុះស្រាវជ្រាវករណីមិនប្រក្រតីលើដីព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកអាជ្ញាធរទន្លេសាប ទៅពិនិត្យនៅតំបន់នោះ ។

ការស្រាវជ្រាវករណីមិនប្រក្រតីលើដីព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ នៃតំបនបឹងទន្លេសាប ក្រោយពីគណៈប្រតិភូអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងការចុះសិក្សាស្វែងយល់ស្ថានភាពទូទៅនៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានពិនិត្យឃើញមានសកម្មភាពមិនប្រក្រតីនៃការរំលោភបំពានដីព្រៃលិចទឹក ដោយការមិនគោរពអនុវត្តនូវបទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ក្នុងដំណើរត្រួតពិនិត្យពេលនោះឯកឧត្តមរដ្ឋមន្រ្តី មើលឃើញជាពិសេសនូវការមិនគោរពអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិនានា ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបជាដើម៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





