អ្នកឧកញ៉ា សៀង ណាំ អំពាវនាវឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រ នឹងត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស
AKP សៀមរាប ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ថា នាពេលកន្លងមកដោយសារតែប្រទេសយើងមានសង្គ្រាម បានធ្វើឱ្យបានបង់ធនធាមនុស្សជាច្រើន។

ហើយក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមានភាពល្អប្រសើរបន្តបន្ទាប់ រហូតដល់ប្ចុប្បន្នប្រទេសកម្ពុជាមាន សន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត កូនៗ ក្មួយៗ មានឱកាសបានរៀនសូត្រគ្រប់ៗគ្នា។ ដូចនេះឯកឧត្តមអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សា«សន្តិភាព»ឱ្យបានគង់វង្ស កាលណាយើងការពារ «សន្តិភាព» បានប្រទេសយើងនឹងកាន់តែមានការរីកច្រើនជឿនលឿន។

ឯកឧត្តម សៀង ណាំ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសប្បុរសជន ក្នុង និងក្រៅប្រទេស ក៏ដូចជាអង្គការ Aide et Action ដែលបានផ្តល់នូវថវិកាផ្ទាល់ខ្លួន និងរបស់អង្គកាពជួយសាងសង់សមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាល ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តសៀមរាប។ ដោយផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានដាក់ចេញនូវវិធានគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍសាលារៀននៅគ្រប់មូលដ្ឋាន ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមានដូចជា អគារសិក្សា ទីចាត់ការ បណ្ណាល័យ សួនច្បារ និងសមិទ្ធផលផ្សេងៗទៀត សំដៅលើកកម្ពស់វិស័យអប់រំ។

ក្នុងន័យនេះ សមិទ្ធផលអគារសិក្សាថ្មីដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមបំពេញបន្ថែមនូវបន្ទប់សិក្សា ក្នុងសាលាបឋមសិក្សាខ្នារ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការសិស្សានុសិស្ស ក្នុងការសិក្សាប្រចាំថ្ងៃ។ ជាមួយគ្នានេះ លោកស្រីបានសំណូមពរចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារ ស្របតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឱ្យការងារអប់រំដល់ សិស្សានុសិស្សឆ្លើយតបទៅ នឹងចតុស្តម្ភទាំងបួនរបស់វិស័យអប់រំជាតិ៕
ដោយ ឃុត សៅ





