ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រការប្ដេជ្ញាចិត្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ឱ្យបានល្អ នេះការងារសំខាន់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាខណ្ឌទាំង១៤ ឱ្យបានល្អ ដោយចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់ និងបានបញ្ជាក់ថា ប្រទេសមួយដែលមានសណ្តាប់ធ្នាប់គឺគេឱ្យតម្លៃមុនគេរួចទៅហើយ អញ្ចឹងហើយយើងឃើញថា ដោយសារតែជីវភាព ដោយសារតែក្រពះ ចិញ្ចើមថ្នល់ ឬផ្លូវមួយចំនួន ត្រូវបានរំលោភ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្ដមបានលើកឡើងបន្ថែមថា “សូមឱ្យយើងអង្គុយមើល និងគិតទាំងអស់គ្នា តាមបណ្តាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះជារួមរៀបចំផ្លូវថ្មើរជើងតាមខណ្ឌនីមួយៗដើម្បីយើងចូលរួមដាក់ថ្នាំឱ្យត្រូវ ព្រោះយន្តការនេះ បើយើងអត់ធ្វើទេ ឆ្នាំ២០៣០ ធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើថ្នល់”។

ឯកឧត្តមអភិសន្តិបណ្ឌិតបានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកាន់តែសាហាវជាងមុន និងយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤។ បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ តាមការវាយតម្លៃផ្ទាល់របស់ឯកឧត្ដម បច្ចុប្បន្ននេះ បរាជ័យភាគច្រើន គឺដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ដូច្នេះការកាត់បន្ថយ៥០% ចំនួនលើ១៩៥២នាក់ ក្នុងឆ្នាំ២០២៤ នេះ ឯកឧត្ដមរដ្ឋមន្ត្រីគិតថានឹងពិបាក ហើយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធ យើងឃើញថា កាន់តែសាហាវជាងមុន បុកបន្តិចបន្តួចស្លាប់ម្តងម្នាក់ ទៅ២នាក់យ៉ាងតិច។ ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ៦០ម៉ែត្រ ដែលមានទៅដល់ ២ ទៅ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតថែមទៀត។ ការស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមចាត់ទុកថាជាការបំផ្លិចបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការនៃអង្គសន្និបាតដែលមានអ្នកចូលរួមជាង១០០០នាក់ ហើយក្នុងដំណើរការនៃអង្គសន្និបាត២ថ្ងៃនេះបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងបានលើកយកប្រធានបទចំនួន៦មកពិភាក្សា។ អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផលប្រយោជន៍ឯកជន ដូច្នេះវិការធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ជើងគោក លើកទឹកចិត្តឱ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នាគឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ។
ឯកឧត្ដមអភិបាលរាជធានីបានបញ្ជាក់ថា ចំពោះមុខទោះបីកិច្ចការងារនេះមានភាពស្មុគស្មាញ និងត្រូវប្រឈមមុខនឹងផលប្រយោជន៍ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះ ដោយឥតរាថយ៕
ដោយ សួស សំរិត





