សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់ថវិកាជូនលោកតាធាក់ស៊ីក្លូរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល រួមជាមួយភេសជ្ជៈ ផ្លែឈើមួយចំនួនទៀត ជូនដល់លោកតា ម៉ែន សុខ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល និងចិញ្ចឹមជីវភាពបន្តទៅមុខទៀត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះលោកតាដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងបានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលដែលបានដឹងដំណឹងនេះហើយ មានការព្រួយបារម្ភពីសុខទុក្ខរបស់លោកតា ចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយខាងមន្ទីរពេទ្យ ហើយថ្ងៃនេះសម្ដេចបានចាត់ឱ្យសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកគ្រឿងភេសជ្ជៈ ផ្លែឈើ និងថវិកា ជូនដល់លោកតា និងសូមឱ្យលោកតាឆាប់បានជាសះស្បើយឡើងវិញ មានសុខភាពល្អ និងអាយុយឺនយូរ។

លោកតា ម៉ែន សុខ មានក្តីរំភើបរីករាយឥតឧបមា ដោយទទួលបានការឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យលោកតាមានភាពកក់ក្តៅ ក្តីសង្ឃឹម និងឈប់ប្រកបរបរធាក់ស៊ីក្លូដូចមុនទៀតហើយ។ លោកតាសូមបួងសួងវត្ថុស័ក្តិសិទ្ធិតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងដរាបតទៅ។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ជួបការលំបាក ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។ ជាក់ស្តែងចំពោះអ្នកប្រកបមុខរបរធាក់ស៊ីក្លូនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ម្តងរួចមកហើយ។
បន្ទាប់ពីបានសួរសុខទុក្ខជាមួយលោកតា ម៉ែន សុខ រួចមក ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ អគ្គលេខាធិការ បានបែងចែកជា ៣ក្រុម ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់អ្នកជំងឺចំនួន ៥២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ទាំងមូលផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





