ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងដំណើរការសន្និបាតបូកសរុបការងាររយៈពេល២ថ្ងៃកន្លះ បានបង្ហាញពីតួនាទីសមត្ថកិច្ចស្នូលរបស់ក្រសួងព័ត៌មានគឺការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងដំណើរការសន្និបាតបូកសរុបការងារក្រសួងព័ត៌មានរយៈពេល២ថ្ងៃកន្លះមកនេះ គឺមានការជជែកយ៉ាងផុលផុស និងមាន២០បទបង្ហាញ ដែលបានឆ្លុះបញ្ចាំងអំពីដំណើររួមនៃតួនាទី ភារកិច្ចស្នូលរបស់ក្រសួងព័ត៌មានផង និងមុខងារគាំទ្ររបស់ក្រសួងព័ត៌មានទៅឱ្យគេផង នោះគឺតួនាទីសមត្ថកិច្ចស្នូលនៃក្រសួងព័ត៌មានគឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងព័ត៌មានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងព័ត៌មានមានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមានការគាំទ្រចំពោះក្រសួង ស្ថាប័នដទៃនៅក្នុងក្របខ័ណ្ឌការងារព័ត៌មាន និងសាធារណមតិ ខណៈបើយើងនិយាយនៅក្នុងក្របខ័ណ្ឌនៃក្រសួងព័ត៌មាន និងក្រសួងការពារជាតិ ក្រសួងព័ត៌មានគឺជាក្រសួងការពារជាតិនៅលើសមរភូមិ ឬនៅលើវិស័យព័ត៌មាន ឬសាធារណមតិ ហើយក្រសួងមួយនេះទាំងក្នុងក្របខ័ណ្ឌនៃសន្តិភាព និងសង្គ្រាម គឺតួនាទីរបស់ក្រសួងព័ត៌មាននេះគឺមានភាពចាំបាច់ទាំងអស់។

ឯកឧត្ដមបន្ដថា ប្រសិនប្រទេស កើតកលយុគ្គ ឬមានបញ្ហាសង្គ្រាម គឺក្រសួងព័ត៌មានត្រូវធ្វើការងារទ្វេដងបើប្រៀបធៀបជាមួយក្រសួងការពារជាតិនៅក្នុងដំណើរការសន្តិភាព។ ឯកឧត្តមរដ្ឋមន្រ្ដីលើកឡើងថា តាមរយៈសន្និបាតនេះគិតថាយើងទាំងអស់គ្នាពិតជារៀនសូត្របានច្រើន បានសិក្សាពីគ្នាទៅវិញទៅមកបានច្រើន បានស្គាល់ពីបេះដូងគ្នាទៅវិញទៅមកបានច្រើន ហើយក៏បានយល់អំពីតួនាទីភារកិច្ចរបស់យើងបានច្រើន ដែលរយៈពេល២ថ្ងៃ កន្លងមកនេះយើងអាចវាយតម្លៃបានថាថ្នាក់ដឹកនាំរបស់យើង មន្ត្រីរបស់យើងគឺបានបើកចំហបេះដូង នៅក្នុងការលើកឡើងពីតួនាទី ភារកិច្ច ទទួលស្គាល់ការពិត និងពួតដៃដើម្បីយើងអាចសម្រេចទៅលើកិច្ចការងារ និងភារកិច្ចដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

ជាមួយគ្នានេះ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា៖ «ដែលចំណុចនេះគឺជាអ្វីដែលញ៉ាំងឱ្យយើងត្រូវដឹងថា តើដើម្បីអាចសម្រេចកិច្ចការងារនេះដោយជោគជ័យ តើមានកត្តាអ្វីខ្លះដែលនាំឱ្យយើងសម្រេចជោគជ័យបាននោះគឺកត្តាធនធានមនុស្ស ដែលជាកត្តាចាំបាច់ និងមិនអាចខ្វះបាន ដែលត្រង់ចំណុច នេះហើយក្នុងអភិក្រមនៃការពង្រឹងប្រសិទ្ធភាពការងារ កំណែទម្រង់រដ្ឋបាលសាធារណៈដែលក្រសួង ព័ត៌មានបានចូលក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ ៣បូក១ របស់រាជរដ្ឋាភិបាល គឺក្រសួងព័ត៌មានបានចូលរួមយ៉ាងសកម្ម៕

ដោយ៖ ចាន់ សុភឿន, រូបថត៖ ក្រុមការងារ AKP





