ខេត្តកំពតសម្រេចបានសមិទ្ធផលជាច្រើននៅឆ្នាំ២០២៤ ហើយឆ្នាំ២០២៥រដ្ឋបាលខេត្តនឹងធ្វើឱ្យកាន់តែប្រសើរឡើង
AKP កំពត ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា នៅឆ្នាំ២០២៤កន្លងមកនេះ ទន្ទឹមនឹងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ និងមានជីវភាពធូរធារ រដ្ឋបាលខេត្តកំពតក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនទៀត។

ហើយនៅឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តនឹងបន្តខិតខំធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរថែមទៀត។ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត នាព្រឺកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តកំពត ដោយមានការណែនាំសម្របសម្រួល តម្រង់ទិសពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការចូលរួមសហការពីបណ្តាមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត នឹងធ្វើឱ្យខេត្តសម្រេចបាននូវសមិទ្ធផលល្អគួរឱ្យកក់សម្គាល់។ ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តក៏នៅតែមានចំណុចត្រូវកែលម្អ ឱ្យស្របទៅតាមសម័យកាល និងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។

ហេតុដូច្នេះហើយ សន្និបាតត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យឡើងវិញនូវបណ្តាសមិទ្ធផលដែលសម្រេចបាន និងស្វែងរកបញ្ហាប្រឈមនានា ដែលបានអនុវត្តរយៈពេល១២ខែកន្លងមក ក្នុងក្របខ័ណ្ឌសមត្ថកិច្ចការងារជាប្រតិបត្តិកររដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ជំនាញ វិស័យពាក់ព័ន្ធនៅក្នុងខេត្ត ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល ព្រមទាំងកំណត់ទិសដៅការងារបន្ត ស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល និតិកាលទី៧នៃរដ្ឋសភា សំដៅកែលម្អនូវចំណុចខ្វះខាត និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច កាតព្វកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត៕

ដោយ ប្រាក់ លាង





