ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ និងប្រគល់ភារកិច្ចជូនទីបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅឃុំកំពង់គោ
AKP កំពង់ធំ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការីត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ដែលកំពុងគ្រប់គ្រងដោយទីបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ថន ពុទ្ធា អភិបាលរងស្រុក និងជាប្រធានគណៈបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ និងតំបន់ខ្វាក់តូច ខ្វាក់ធំ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះក្នុងការធ្វើសកម្មភាពការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិបានឡើយ។
កន្លងមក កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលបានធ្វើការផ្សព្វផ្សាយបទបញ្ជា និងសេចក្តីណែនាំនានារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ដីពីវិធានការគ្រប់គ្រងការពារដីតំបន់៣ មិនឱ្យមានការកាប់ទន្ទ្រានបានជាដាច់ខាតហើយកន្លងមកនេះ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលក៏បានចាប់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាបន្តបន្ទាប់។

ជាមួយនេះផងដែរ លោកក៏បានប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានប្រគល់ជូន។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយនឹងអាជ្ញាធរដែនដីដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការការពារទប់ស្កាត់មិនឱ្យមានការកើតឡើងជាថ្មីនូវការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិជាមួយនោះក៏បានចាប់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ បច្ចុប្បន្នផ្ទៃដីដែលយើងដកហូតបានយើងកំពុងធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ហើយព្រៃរនាម រុក្ខជាតិធម្មជាតិក៏បានកើតឡើងនិងដុះរស់ឡើងវិញជាបន្តបន្ទាប់ដើម្បីទុកសម្រាប់ត្រីពងកូនក្នុងរដូវវស្សានៅពេលខាងមុខ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដីស្រុកឃុំភូមិ ត្រូវបន្តសកម្មភាពឱ្យបានជាប់ជាប្រចាំល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រដែលបានហាមឃាត់មិនឱ្យមានការកើតឡើងជាតិថ្មីនូវការកាប់ទន្ទ្រានដីព្រៃលិចទឹក ឬធ្វើស្រែនៅលើដីដែលបានដកហូតរួចហើយបានជាដាច់ខាត។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក៏បាននាំយកជំនួយឧបត្ថម្ភរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះរួមមាន ប្រេងសាំងចំនួន២០០លីត្រ អង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន៥កេស ត្រីខកំប៉ុងចំនួន៥យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៥យួរ សម្រាប់កងកម្លាំងចម្រុះ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងបន្តល្បាតធ្វើសកម្មភាពឱ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





