អភិបាលរងខេត្តកណ្តាលចូលរួមប្រជុំពិនិត្យការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក
AKP កណ្ដាល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--
លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជារបស់ក្រុមការងារខេត្តកណ្តាល TSU ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ត្រីជំនាញ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់លើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ខ្លួន បញ្ហាប្រឈម និងសំណូមពរនានា ជាពិសេសត្រូវតែប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងត្រូវផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង អំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានផុលផុស ដល់ស្រទាប់យុវជន កុមារ កម្មករ កម្មការនី និងប្រជាពលរដ្ឋ នៅតាមទីសាធារណៈ ឱ្យពួកគាត់មានការយល់ដឹង និងភ្ញាក់រលឹក ចេះស្រឡាញ់បរិស្ថាន ភាពស្អាត និងបៃតង ងាកមកចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងបានត្រឹមត្រូវ ។

សូមបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមទីសាធារណៈ ប្រភពទឹក និងតាមដងផ្លូវជាដើម ចូរស្រឡាញ់បរិស្ថានទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





