ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរីណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារក្រីក្រ ជនមានពិការភាព និងចាស់ជរា
AKP កំពង់ធំ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--
លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី ស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារក្រីក្រ ជនមានពិការភាព និងចាស់ជរា ក្នុងឱកាសដែលលោក និងសហការី ព្រមទាំងលោកអភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំព្រះដំរី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅវត្តប្រាសាទពេជ្ររង្សី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រៅពីការដោះស្រាយរាល់សំណូមពរ និងតម្រូវការប្រជាពលរដ្ឋ ក្នុងឱកាសនោះ លោកប្រធានបានបញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋានគឺផ្ដើមចេញពីការរួបរួមសហការគ្នាទាំងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញពាក់ព័ន្ធក៏ដូចជាក្រុមការងារទើបអាចឆ្លើយតបជាក់ស្ដែងចំពោះមូលដ្ឋានហើយជាការអភិវឌ្ឍពិតប្រាកដ។
ក្នុងនាមប្រធានក្រុមការងារ លោកនឹងជួយកសាងនូវប្រឡាយទឹក១ខ្សែដែលនឹងជួយដល់ប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករនៅក្នុងឃុំព្រះដំរី និងឃុំផ្សេងៗឱ្យកាន់តែមានវិសាលភាព និងភាពធានាការស្រោចស្រពឱ្យកាន់តែល្អប្រសើរជាងមុន។ ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានព្រមានធ្ងន់ៗដល់សេវាករអគ្គិសនីព្រះដំរីឱ្យកែប្រែឥរិយាបថអវិជ្ជមានមួយចំនួនក្នុងការផ្ដល់សេវា និងប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការហៅឱ្យជួយដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាអគ្គិសនីដែលពួកគាត់បានជួបប្រទះឱ្យបានឆាប់រហ័ស និងមានជំនឿទុកចិត្ត។

លោកអភិបាលស្រុកបានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ជាពិសេសការផ្ដល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងមានការជ្រោមជ្រែងតាមដានដោយផ្ទាល់ពីក្រុមប្រឹក្សាឃុំ។ ទន្ទឹមនឹងនេះ លោកបានណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែងក្នុងការជួយបូមទឹកសង្គ្រោះស្រែស្រូវរបស់កសិករដែលកំពុងរងគ្រោះដោយការខ្វះខាតទឹកឱ្យបានទាន់ពេលវេលា និងបានណែនាំដល់អាជ្ញាធរឃុំព្រះដំរីត្រូវសិក្សាឱ្យបានច្បាស់លាស់ថែមទៀត ក្នុងការកសាងប្រឡាយមេដែលចេញពីអាង៣០កញ្ញាផ្ទាល់ ក្នុងការស្រោចស្រពឃុំព្រះដំរី និងឃុំផ្សេងៗទៀត៕

ដោយ ស៊ុម វណ្ណា





