គណៈកម្មការទី៩នៃរដ្ឋសភាសិក្សាឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ព្រមទាំងបញ្ហាប្រឈម
AKP ព្រះសីហនុ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភាដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ប្រតិភូគណៈកម្មការទី៩ ដើម្បីចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងរង្វង់វិស័យការងារទាំង៧ នៅក្នុងខេត្តព្រះសីហនុមានដូចជា៖ វិស័យសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានាវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅខេត្តព្រះសីហនុ។
ស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅជាមួយនឹងផ្ការីកនៃសន្តិភាព និងទទួលបានផ្លែផ្កាពីសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនប្រកបដោយសុខុដុមនីយកម្ម និងផលជាវិជ្ជមានដល់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេលកន្លងមក និងវិស័យទាំង៧ ខេត្តព្រះសីហនុ ចែកចេញជា២ក្រុង ៣ស្រុក ស្មើនឹង២៣ឃុំ ៦សង្កាត់ មាន១១១ភូមិ (ថ្មីៗនេះរាជរដ្ឋាភិបាលទើបបានបង្កើតក្រុងថ្មី ឈ្មោះក្រុងកំពង់សោម) ខេត្តមានកោះតូចធំចំនួន៣២ ថ្មដុះ១ និងថ្មប៉ប្រះទឹក៥ ឆ្នេរសមុទ្រប្រវែង១៧៥គីទ្បូម៉ែត្រ។
ក្នុងឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួន១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ចំនួន៤.៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ កាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម១,២២%។ ក្រៅពីនេះខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក (កំពង់ផែសមុទ្រទឹកជ្រៅ) ត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល ចាប់ពីឆ្នាំ២០២៤ មានជម្រៅទឹក១៣,៥០ម៉ែត្រ រហូតដល់ឆ្នាំ២០២៩ ដែលមានជម្រៅទឹករហូតដល់ ១៧,៥០ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន។
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន២៤២គម្រោង ក្នុងនោះគម្រោងទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ២១៣គម្រោង ដែលមានទុនវិនិយោគប្រមាណជាង៦ពាន់លានដុល្លារ (៦.០២១.៨០១.២០០ដុល្លារ)។
ជាមួយគ្នានេះដែរ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុផ្តល់ឱកាសឱ្យក្រុមការងារគណៈកម្មការទី៩ បានចូលជួបធ្វើការពិភាក្សាការងារ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីវិស័យទាំង៧របស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ត្រីជំនាញរួចមក ប្រតិភូគណៈកម្មការទី៩ ពិតជាមានមោទនភាពកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។

ម្យ៉ាងទៀតការបំពេញការងារក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលតាមការរំពឹងទុក ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដែលជាបន្តបន្ទាប់ ដែលបានបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ លោកជំទាវបានបញ្ជាក់ពីគោលបំណងមកបំពេញបេសកកម្មមកកាន់ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីវិស័យការងារចំនួន៧ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានដូចជា វិស័យសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានាវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រកបដោយប្រសិទ្ធភាព។

ដោយផ្តោតសំខាន់សម្រេចបាននូវសមិទ្ធិផលជាច្រើនស្របតាមយុទ្ធសាស្ត្រគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សង្ឃឹមថា គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ ក្នុងនោះក៏មានការស្វែងយល់ពីការលំបាក បញ្ហាប្រឈម និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ទាក់ទងទៅ នឹងវិស័យនីមួយៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមការវិវត្តឧស្សាហកម្មថ្មីៗនៃប្រទេសជាតិ ឆ្លើយតបទៅនឹងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន៕

ដោយ ងូ សុមុនី





