ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបច្ចុប្បន្នភាពគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបច្ចុប្បន្នភាពគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពី លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោកខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗក្នុងវិស័យទឹកស្អាត និងអនាម័យជនបទប្រមាណ ៤០រូប។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង និងបញ្ជាក់ជូនអង្គប្រជុំបានជ្រាបថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ នៅតំបន់ជនបទទូទាំងប្រទេស គឺសម្រេចបាន ៨៨.៨០% ដែលក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦.០៩% និងអត្រាគ្របដណ្តប់អនាម័យ ៩១.៤៧% ហើយក្រសួងបានធ្វើការប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន១០០% នៅតំបន់ជនបទទូទាំងប្រទេស អនុលោមតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ លើសពីនេះ យើងសម្រេចបានរាជធានី/ខេត្តចំនួន១៥នៅទូទាំងប្រទេស ដែលបានប្រតិបត្តិអនាម័យតាមក្បួនខ្នាតត្រឹមត្រូវ តាមរយៈការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងកម្រិតធម្មតា និងកម្រិតខ្ពស់ (ODF និង ODF PLUS)៕






ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





