អគារសិក្សា ១ខ្នង និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស ១ខ្នងព្រមទាំងសម្ធិទផលនានា ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ បើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
AKP ព្រះវិហារ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- អគារសិក្សា ១ខ្នង ៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស ១ខ្នង មាន៤បន្ទប់ព្រមទាំងសមិទ្ធផលនានា ក្នុងសាលាវិទ្យាល័យសង្គមថ្មី ស្ថិតក្នុងឃុំចំរេីន ស្រុកសង្គមថ្មី ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជា បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍ សប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរស្រុក និងឃុំ ដែលបានខិតខំប្រឹងប្រែងក្នុងកៀរគររកប្រភពធនធានថវិកា នានាដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមចក្ខុយវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា។ លោកអភិបាលរងខេត្តបានថ្លែងនូវអំណរគុណដល់ស្ថាបនិកគម្រោងអង្គការសម្រេចសុបិន កុមារកម្ពុជាដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកា ពីសប្បុរសជននានា ជួយសាងសង់អគារសិក្សា បង្គន់អនាម័យ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គីសនី និងសមិទ្ធផលមួយចំនួនទៀត សម្រាប់សាលាវិទ្យាល័យនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក គឹម ចាន់បញ្ញា ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុង ចំណោមសមិទ្ធផលជាច្រើន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរតកនយោបាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ដ្រី និងច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំប្រទេសជាតិធានាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ និងសម្បូរសប្បាយរុងរឿង។ ទន្ទឹមនេះ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបានកិត្យានុភាព ល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងបានដាក់ចេញនូវ ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ លោកអភិបាលរងខេត្តបានលើកឡើងថា បន្ថែមពីនេះ រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យ នូវគម្រោង «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ដើម្បីកៀរគរថវិកាកសាងហេដ្ឋ រចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតី មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកប ដោយចីរភាព។

លោកអភិបាលរងខេត្តបានផ្ដល់អនុសាសន៍ផ្ដាំផ្ញេីរដល់អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងអង្គការ ដៃគូអភិវឌ្ឍន៍ទាំងអស់សូមបន្តកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា និងឆ្លើយ តបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានណែនាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងខិតខំស្វែងរក ការគាំទ្រ និងកៀរគរធនធានបន្ថែមពីប្រភពស្របច្បាប់នានា ក្នុង ការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺ ការអប់រំនៅកម្រិតមូលដ្ឋាន។ ទន្ទឹមនេះ សហការជាមួយមន្ទីរអប់រំ យុវជន និង កីឡា និងអាជ្ញាធរឃុំ ក្នុងការត្រួតពិនិត្យនៅតាមសាលារៀន ដើម្បីស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា និងរកដំណោះ ស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសគឺ រាយការណ៍មករដ្ឋបាល នៅពេលមានបញ្ហា ឬតម្រូវការណាដែលមិនអាចដោះស្រាយបាន៕



ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





