សម្តេចមហាមន្ត្រី គុយ សុផល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៤ភូមិ សរុប ១ ៨៦០បណ្ណ ស្មើនឹង១ ២៨៨គ្រួសារ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត និងលោក លោកស្រីអភិបាលរងខេត្ត ថ្នាកដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនរូបផងដែរ ។

ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល សម្ដែងការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ស្រុកបរិបូណ៌ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៦០បណ្ណ ជូនប្រជាពលរដ្ឋស្រុកបរិបូណ៌ ខេត្តកំពង់់ឆ្នាំង ជ្រាបថា ការវាស់វែងដីធ្លី និងចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យបងប្អូនយកទៅបង្កបង្កើនផល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។

ទន្ទឹមនឹងនេះ សម្តេចមហាមន្ត្រីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ “ប្រសិទ្ធភាព សមិទ្ធកម្ម” ។ បន្ថែមពីនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះដែរ សម្តេចមហាមន្ត្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវ បន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សារប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេសបានផ្ដល់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត៕


ដោយ បៃ ស៊ីថុន





