អង្គការ CI និងនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប រៀបចំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងអភិរក្សដែនជម្រកសត្វព្រៃឡង់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- អង្គការអភិរក្សអន្តរជាតិកម្ពុជា CI សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាបនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ក្រោមយន្តការឥណទានកាបូនរួមគ្នា រេដបូក ដឹកនាំដោយ ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីក្រុមការងារអនុវត្តគម្រោងសរុបចំនួន ៤៦នាក់ ។

ក្នុងកិច្ចប្រជុំ មន្ទីរបរិស្ថាននៃខេត្តទាំងបួនបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃសកម្មភាពអនុវត្តច្បាប់ បញ្ហាប្រឈមដែលបានជួបប្រទះ ផែនការសកម្មភាព និងសំណើជាដើម។ លើសពីនេះ ក្រុមបច្ចេកទេសរបស់អង្គការ កម្ពុជាបានផ្តល់ព័ត៌មានសំខាន់ៗពីទិន្នន័យដែលទទួលបានអំពីការផ្លាស់ប្តូរគម្របព្រៃឈើ ដោយសារការកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីជាដើម ដើម្បីជម្រុញការងារការពារដែនជម្រកកាន់តែប្រសើរ។ អង្គប្រជុំ ក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រក្នុងការរៀបចំផែនការល្បាតតាមស្នាក់ការនីមួយៗ បង្កើតផែនការល្បាតរួមគ្នាក្នុងចំណោមមន្ទីរទាំងបួន កំណត់ទីតាំងកាប់បំផ្លាញព្រៃឈើ គូសផែនទីផ្លូវដឹកជញ្ជូនដែលប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ និងក្រុមការងារក៏ជជែកផងពីការអនុវត្តការងារអភិរក្សស្របតាមគោលការណ៍សិទ្ធិមនុស្ស។

មន្រ្តីអង្គការ CI បានឱ្យដឹងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ថា កិច្ចប្រជុំនេះមានគោលបំណងនឆ្លុះបញ្ចាំងពីសកម្មភាព សមិទ្ធផលការងារ ប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តបន្ត និងការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម សម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ ឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ ណយ នឿន (ប្រភព៖ CI)





