ឯកឧត្តមសាស្ត្រាចារ្យទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី អញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព»
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេសនាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៧នាក់ កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានសំណេះសំណាល និងរំលឹកពីប្រវត្តិនៃការបង្កើតផ្នែកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធផលមួយកើតចេញនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងមានការចូលរួមចំណែកពីឯកឧត្តមសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ផងដែរ និងបានលើកជាសំណួរសម្រាប់ជូនវាគ្មិនកិត្តិយសបកស្រាយទៅលើលក្ខណៈសម្បតិ្តរបស់មេដឹកនាំ ដែលអាចនាំឱ្យសម្រេចបានគោលដៅនៅគ្រប់កាលៈទេសៈ។

បន្ទាប់មក ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តីបានធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព» ដោយបានចែករំលែក ករណីសិក្សា និងបទពិសោធន៍នៃការដឹកនាំរបស់ឯកឧត្តម នៅតាមស្ថាប័នអន្តរជាតិជាង៤០ ឆ្នាំកន្លងមក និងបានបង្ហាញថា ដើម្បីដឹកនាំឱ្យមានប្រសិទ្ធភាព អ្នកដឹកនាំ (១) ត្រូវយកចិត្តទុកដាក់លើកង្វល់របស់អង្គភាព ឬកង្វល់របស់បុគ្គលិកនិងត្រូវលះបង់ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយកង្វល់ទាំងអស់ឱ្យគ្រប់ជ្រុងជ្រោយ (២) ត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពក្លាហាន ក្នុងការចេះយកចំណេះដឹងទាំងនោះមកប្រើប្រាស់សម្រាប់ដោះស្រាយកង្វល់ និងសម្រាប់ផលប្រយោជន៍រួម (៣) ត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន និងធ្វើឱ្យកន្លែងធ្វើការងារភាពត្រជាក់ត្រជុំ និង (៤) ត្រូវប្រើប្រាស់សំដីអោយស្របទៅនឹងសកម្មភាពរបស់ខ្លួន (Walk the talk)។
ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្ត្រីក៏បានឆ្លើយនូវសំណួររបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសិក្ខាកាមយ៉ាងផលផុស ព្រមទាំងបានផ្តល់សារគន្លឹះដល់អ្នកដឹកនាំទាំងអស់ឱ្យប្រកាន់យកភាពមេត្តា និងករុណា និងមានសេចក្តីក្លាហាន ក្នុងការអនុវត្តន៍ការងារប្រកបដោយគុណធម៌ ឆ្ពោះទៅរកគោលដៅដែលបានកំណត់។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីធើ្វបទឧទ្ទេសនាម ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសុខាភិបាល និងបានជូនពរដល់ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តីមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





