ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ និងទទួលសមិទ្ធផលនានាជូនសាលាសហគមន៍អូរច្រកថ្លាង និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ
AKP បាត់ដំបង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥-- ពិធីប្រគល់សមិទ្ធផលថ្មីរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាសហគមន៍អូរច្រកថ្លាង ភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លោកនាយកសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយរងគ្រោះ សរុបប្រមាណ៣៥០នាក់។


លោកស្រី ប៊ិច ប៊ូឡែន អភិបាលស្រុក និងជាប្រធានអនុសាខាស្រុករុក្ខគីរី បានឱ្យដឹងថា សាលាសហគមន៍អូរច្រកថ្លាងនេះជាសាលាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សា។ ហើយពីមុនគឺសិក្សានុសិស្សសិក្សាក្រោមសំយ៉ាបផ្ទះរបស់អ្នកស្រុក ដោយមើលឃើញពីកំណើនសិស្សមានការកើនឡើនអាជ្ញាធរមូលដ្ឋាន និងអង្គការទស្សនៈពិភពលោកបានសម្រេចរកទីតាំងជើងភ្នំរួងបានកសាងសាលារៀនមួយខ្នង បានសាងសង់សាលាមួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីមានទំហំ ៦ម × ៨ម ក្រោយមកដល់មើលឃើញការលំបាកអង្គការខេន និងអង្គការឆែលហ្វាន់អេឌូអូ បានសាងសង់អគារមួយខ្នងទៀតមានពីរបន្ទប់ ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នសាលាសហគមន៍អូរច្រកថ្លាងមានអគារសិក្សាចំនួន៣ខ្នង មាន៤ បន្ទប់មានសិស្សានុសិស្ស៦៥នាក់ ស្រី៣១នាក់ មត្តេយ្យសិក្សាមានចំនួន៣១នាក់ ស្រី១៤នាក់ មានគ្រូ៤នាក់ ស្រី៤នាក់។
ក្នុងឱកាសនោះ ឯកឧត្ដម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។


ឯកឧត្តមប្រធានបានមានប្រសាសន៍ថា សំណង់អនាម័យទឹកស្អាតទាំងនេះជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តាមរយៈលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដោយផ្តោតលើ ដែលមានតម្រូវការជាអាទិភាពអំពីអនាម័យ និងទឹកស្អាត និងបានគូសបញ្ជាក់ថា ការផ្តល់អណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយលាងដៃទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ ហើយការលាងសម្អាតដៃក៏បានរួមចំណែកទប់ស្កាត់ការឆ្លងជំងឺរាតត្បាតផ្សេងៗ និងលើកកម្ពស់សុខភាព អនាម័យ ដល់ក្មួយៗសិស្សានុសិស្សផងដែរ។

ជាកិច្ចឆ្លើយតប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ បានសម្តែងទឹកចិត្តរំភើបរីករាយឥតឧបមា ដោយបានទទួលនូវសំណង់អនាម័យទឹកស្អាតថ្មី ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសូមប្តេជ្ញាថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។
ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រចំនួន១០០គ្រួសារ មកពីភូមិរូង១ ឃុំព្រៃត្រឡាច ក្នុងមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរផងដែរ ក្នុងនោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ទទួលបានថវិកាមួយចំនួនពីឯកឧត្តម និងលោកជំទាវផងដែរ៕
ដោយ៖ ពេជ្រសំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





