ពិធីបិទផ្សាយជាសាធារណៈឯកសារការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ នៅឃុំភូមិធំ ស្រុកល្វាឯម
AKP កណ្តាល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥-- លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ស្មើនឹង ២ ២៨១ក្បាលដី នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តព្រែកក្រូច ថា ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញបណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនបងប្អូនប្រជាពលរដ្ឋ។

លោក អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះ ទៅហេតុនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នាហើយដើម្បីទទួលបានលទ្ធផលចុងក្រោយនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អាជ្ញាធររដ្ឋបាលដីធ្លីខេត្តបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសម្អាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។


សូមបញ្ជាក់ផងដែរថា សម្រាប់ការបិទផ្សាយទិន្នន័យនាថ្ងៃនេះចំនួនសរុប ២ ២៨១ក្បាលដីនៅ ភូមិព្រែកតាប្រាំង និង ភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល៕
ដោយ ណយ នឿន (បភព៖រដ្ឋបាលខេត្តកណ្តាល)





