ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជាសរសើរក្រុម Shadow Apsara ទទួលបានលេខ៣ ក្នុងការប្រកួតពាន «កម្ពុជាហុកគីស្បែកជើងកង់១ជួរ»
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥--ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា លោក កុសល ពីសី បានបង្ហាញការកោតសរសើរ និងគាំទ្រចំពោះក្រុមសាដូអប្សរា (Shadow Apsara) ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ពីថ្ងៃទី១៦-១៩ ខែមករា ឆ្នាំ ២០២៥ នៅទីលានហុកគី CIS នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដោយមាន១២ក្រុមចូលរួមប្រកួតប្រជែងមេដាយមកពី៥ប្រទេស ដូចជាក្រុមកម្ពុជា ចិនហុងកុង ឥណ្ឌូណេស៊ី សិង្ហបុរី និងឥណ្ឌា។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមគាំទ្រលើកទឹកចិត្តនៅទីលានប្រកួតដោយផ្ទាល់ លោក កុសល ពីសី បានគូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធតែងតែផ្តល់ការលើកទឹកចិត្តគាំទ្រគ្រប់វិញ្ញាសាទាំងអស់ សរុបចំនួន១០ប្រភេទ ដែលស្ថិតនៅក្នុងសហព័ន្ធកីឡាស្គែតកម្ពុជា។ ក្នុងប្រភេទកីឡានេះមានសម្ភារកីឡាសំខាន់ៗចំនួន៤ គឺក្តារស្គែត (Skateboard) ស្បែកជើងកង់ (Roller), ស្កុតធ័រ (Scooter) និង កង់ BMX។ ចំពោះការប្រកួតការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» នេះ ជាការប្រកួតក្រុម ដែលមាន២វគ្គ ក្នុង១វគ្គៗមាន២០នាទី ហើយក្រុមណាវាយកូនហុកគីចូលទីច្រើនជាងគេ គឺក្រុមនោះជាអ្នកឈ្នះ ហើយក្នុង១ក្រុមមានកីឡាករ៥នាក់។

ក្នុងនាមសហព័ន្ធ លោក កុសល ពីសី បានគាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជារបស់យើងបានប្រមូលគ្នាលេងប្រភេទកីឡាអន្តរជាតិមួយនេះ។ ជាក់ស្តែង ក្រុម Shadow Apsara ទទួលបានជ័យលាភីលេខ៣ ដែលនេះជាវឌ្ឍនភាពដ៏ល្អ ក្នុងការអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន បន្ទាប់ពីការចូលរួម២លើកកន្លងមកមិនទទួលបានជ័យលាភីនោះទេ បានត្រឹមលេខ៤ប៉ុណ្ណោះ។ អ្វីជាការកត់សម្គាល់ ការទទួលបានជ័យលាភីរបស់ក្រុម Shadow Apsara គឺជាធនធានមួយ ដែលសហព័ន្ធគាំទ្រ និងជំរុញបន្ថែមដល់ការអភិវឌ្ឍសមត្ថភាពរបស់ក្រុមនានា ក្នុងកម្រិតថ្នាក់ជាតិ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំរបស់សហព័ន្ធ ក្នុងគោលដៅបន្តជំរុញឱ្យក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់ទាំងកម្រិតតំបន់ និងអន្តរជាតិនានា នាពេលខាងមុខ។

លោកប្រធានសហព័ន្ធរូបនេះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម Shadow Apsara ដែលមានគុណភាពបច្ចេកទេសរីកចម្រើន ក្នុងការចូលរួមប្រកួតនៅឆ្នាំ២០២៥នេះ ដោយការលេងរបស់ពួកគាត់មានភាពរហ័សរហួន។ លោក កុសល ពីសី ក៏បានជម្រាបជូនដែរថា សហព័ន្ធកីឡាស្គែតកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ ហើយឆ្នាំ២០២២ ទទួលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងបានក្លាយជាសមាជិករបស់សហព័ន្ធកីឡាស្គែតអន្តរជាតិ (World Skate) ផងដែរ។ ចំពោះដំណើរការអភិវឌ្ឍជំនាញកីឡាមួយនេះ គឺមានការលំបាកខ្លាំងណាស់ដែរ ដូចជាខ្វះខាតប្រភពធនធានថវិកា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដូចជាគ្រូបង្វឹក មន្ត្រីគណៈកម្មការបច្ចេកទេស កីឡាករ កីឡាការិនី។ យ៉ាងណាក្តី ទោះបីជាសហព័ន្ធកំពុងជួបបញ្ហាប្រឈមខ្លាំងយ៉ាងណាក្តី ក៏ក្នុងនាមប្រធានសហព័ន្ធបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍពីបណ្តាសប្បុរសជន ក្រុមហ៊ុននានាឱ្យមានការរីកចម្រើនបន្តិចម្តងៗផងដែរ។


ជាមួយគ្នានេះ ប្រធានក្រុម Shadow Apsara កីឡាករ Tea Zen បានលើកឡើងថា ក្រុម Shadow Apsara បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះចំនួន៣លើក ដោយ២លើកកន្លងទៅទទួលបានចំណាត់ថ្នាក់លេខ៤ ហើយនៅលើកទី៣នេះ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឆ្លងកាត់ការប្រកួតជាមួយក្រុមភ្នំពេញកាណាដា ក្រុមសិង្ហបុរី និងឥណ្ឌា។ ឆន្ទៈរបស់ក្រុមទាំងមូល គឺការទទួលបានចំណាត់ថ្នាក់លេខ៣នេះ មិនទាន់ស្កប់ស្កល់នឹងមហិច្ឆតារបស់ខ្លួនឡើយ ដោយមានគោលបំណងចង់បានចំណាត់ថ្នាក់លេខ១ ប៉ុន្តែដោយសារខ្វះបទពិសោធន៍ការប្រកួតប្រជែង ហើយក្រុមចូលរួមសុទ្ធសឹងជាក្រុមខ្លាំងៗ។ យ៉ាងណា ប្រធានក្រុមរូបនេះប្តេជ្ញាចិត្តថា នឹងបន្តខិតខំដុសខាត់សមត្ថភាពបច្ចេកទេសឱ្យបានខ្ពស់ជាងនេះ ដើម្បីត្រៀមប្រកួតនៅក្នុងព្រឹត្តិការណ៍បន្តបន្ទាប់ នាពេលខាងមុខ ជាពិសេសនាពេលខាងមុខឆាប់ ក្នុងឆ្នាំ២០២៥នេះនឹងមានការប្រកួតមួយទៀត នៅទីលាននេះដែរ។ ក្រុម Shadow Apsara ត្រូវបានបង្កើតឡើងបាន៣ឆ្នាំមកហើយ ដោយធ្លាប់ចូលរួមប្រកួត៧ដង ក្នុងនោះការប្រកួតកម្រិតជាតិបាន៤ដង និងអន្តរជាតិបាន៣ដង។

ចំពោះគោលបំណងនៃការបង្កើតក្រុមនេះឡើង ត្រូវបានប្រធានក្រុម Tea Zen រូបអះអាងថា ដោយសារតែចង់បំផុសស្មារតីដល់យុវជនឱ្យចូលរួមលេងកីឡានេះឱ្យបានច្រើន ហើយក៏ចង់ផ្សព្វផ្សាយប្រភេទកីឡាហុកគីស្បែកជើងកង់១ជួរឱ្យកាន់តែពេញនិយមនៅប្រទេសកម្ពុជាក៏ដូចជារួមចំណែកជំរុញឱ្យជំនាញកីឡានេះកាន់តែរីកចម្រើន អាចចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ក្នុងកម្រិតអន្តរជាតិ។ ការលេងកីឡាហុកគីស្បែកជើងកង់១ជួរនេះមានការលំបាកដែរ ដោយកីឡាករត្រូវចេះលេងហុកគី និងត្រូវចេះជិះស្គីខ្លាំង ដោយត្រូវហ្វឹកហាត់ឱ្យបានស្ទាត់ជំនាញ មានភាពរហ័សរហួន ចេះគ្រប់គ្រងការជិះស្គី និងមានភាពឈ្លាសវៃផងដែរ៕
ដោយ ហេង ណាលីន





