រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងពីតួនាទីដ៏សំខាន់របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងការក្ដាប់ មុខងារប្រមាណ៥០ភាគរយនៃមុខងាររបស់ក្រសួងក្នុងការដឹកនាំ គ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានដើរតួនាទីសំខាន់ ហើយបើយើងពិនិត្យមើលទៅលើក្របខ័ណ្ឌនៃមុខងាររបស់ក្រសួងព័ត៌មាន អាចនិយាយបានថា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយដែលយើងមាន ដករដ្ឋបាលចេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ គឺក្តាប់នូវមុខងាររបស់ក្រសួងដែលអាចនិយាយបានថា គឺ៥០ភាគរយនៃមុខងាររបស់ក្រសួង ដែលអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវដឹកនាំ គ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នេះទៅលើផ្នែកច្បាប់ សណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះធ្វើឡើងបន្ទាប់បានស្តាប់បទបង្ហាញស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម នេត្រ ភក្រ្ដា បានលើកឡើងថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ពិតជាមានតួនាទីសំខាន់ ដែលត្រូវបានផ្តួចផ្តើមគំនិតក្នុងការបង្កើតអគ្គនាយកដ្ឋានមួយនេះឡើងដើម្បីធ្វើលើកិច្ចការព័ត៌មានសព្វបែបយ៉ាងរួមទាំងការប្រឆាំងនឹង ព័ត៌មានក្លែងក្លាយផងដែរ ដែលវាជាកិច្ចការរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ ចំណែកឯ អគ្គនាយកដ្ឋានបីផ្សេងទៀតគឺជាកម្លាំងគាំទ្រ ដែលយើងហៅថាទាហានជួរមុខផង ទាហានគាំទ្រផង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ប៉ុន្តែអ្នកដែលរៀបចំផែនការមេក្នុងការឡើងសមរភូមិប្រយុទ្ធគឺអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលចំណុចនេះជាអ្វីដែលជាការក្តោបរួមទៅលើការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះរួមមាន ការគ្រប់គ្រងអាជ្ញាបណ្ណ ដែលចំណុចនេះសំខាន់ ត្រូវក្តោបឱ្យជាប់ក្នុងក្របខ័ណ្ឌនៃការងាររបស់ក្រសួងព័ត៌មានថាតើអ្វីដែលជាចំណុចគន្លឹះរបស់ក្រសួងព័ត៌មាននោះគឺសិទ្ធិអំណាច និងការគ្រប់គ្រងនូវឥទ្ធិពល។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានណែនាំរួចមកហើយទៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទៅលើការគ្រប់គ្រងការពង្រឹងលើសណ្តាប់ធ្នាប់ ក៏ដូចជាការរឹតបន្តឹង ពង្រឹងទៅលើលក្ខខ័ណ្ឌថាតើនរណាខ្លះដែលជាអ្នកក្លាយជាអ្នកកាសែតដែលមានការទទួលស្គាល់។


ជាមួយគ្នានេះ តាមបទបង្ហាញរបស់ឯកឧត្ដម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានឱ្យដឹងថា តាមរយៈការចង្អុលបញ្ហាពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រុមការងាររបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នឹងចុះបំពេញការងារតាមបណ្តាខេត្តមួយចំនួនដើម្បី បម្រើលើការផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀតពិសេសខេត្តដែលមានសក្តានុពលទេសចរណ៍ជាដើម។ ឯកឧត្ដមបានបន្ដថា ស្ថានីយទូរទស្សន៍អាណាឡូក និងទូរទស្សន៍ឌីជីថល កំពុងដំណើរការផ្សាយគឺមានស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់ និងផ្សាយបន្តមានចំនួន១៩៨ស្ថានីយ (នៅរាជធានីភ្នំពេញ មាន ១៦ ស្ថានីយ នៅតាមខេត្តមាន ៦ ស្ថានីយ ស្ថានីយផ្សាយបន្តមានចំនួន ១៧៦ ស្ថានីយ) ចំពោះទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតមានចំនួន ៩ ស្ថានីយ ។ ចំពោះស្ថានីយទូរទស្សន៍ឌីជីថល ជា Pay TV មាន ១០ ស្ថានីយ និងទូរទស្សន៍ឌីជីថលផ្សាយ Free To- Air ចំនួន ១ ស្ថានីយ៕
ដោយ៖ ចាន់ សុភឿន និង ដេប៉ូ





