ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធ ភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ឱ្យបានល្អប្រសើរ
AKP ព្រះវិហារ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥-
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ការផ្ដល់សេវាតាមយន្តការច្រកចេញ-ចូលតែមួយឱ្យបានល្អប្រសើរ, ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ចៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ, ជំរុញការ ចុះបញ្ជីដីធ្លី ការចេញបណ្ណតាម និងការដោះស្រាយទំនាស់ដីធ្លី ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព ។ ការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកទី២១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិ បាលខេត្តព្រះវិហារព្រមទាំងឯកឧត្ដម តំណាងក្រសួងមហាផ្ទៃ, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, ឯកឧត្ដម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងកម្លាំងមានសមត្ថកិច្ច ស្រុក ក្រុង ឃុំ សង្កាត់ សរុបប្រមាណ៥០០រូប។


ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ជំរុញដល់រដ្ឋបាលខេត្ត ពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿង ដោយឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជន និងប្រយោជន៍ជាតិ អនុវត្តន៍តាមអភិក្រម «ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា» ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។ ឯកឧត្តម នាយឧត្តមសេនីយ៍បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន។


ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានគូសបញ្ជាក់អំពីទស្សនាទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ ដើម្បីធានានិងរក្សានូវ សន្តិភាព ដោយស្ថិរភាពនិងយូរអង្វែង គឺត្រូវ ការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន និងដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ សំដៅបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលរបស់ខេត្តបន្ថែមទៀត ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក៏បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែមលើកិច្ចការសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ។


ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានរម្លឹកពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសនិ្នបាតទាំងមូល ត្រូវរួមកម្លាំងគ្នាឱ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ សកម្ម និងបុរេសកម្ម ដោយយក «ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល» ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





