ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ជំរុញលើកទឹកចិត្តគណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈ ក្នុងការចូលរួមអប់រំ ចរិយាធម៌ និងសីលធម៌សង្គម
AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥--ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សាលាគណខេត្តទាំងពីរគណៈ ក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ ការអប់រំ ចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជាច្រើនជូនសង្គមជាតិ តាមរយៈព្រះមេគណខេត្ត និងមន្ត្រីសង្ឃគ្រប់ឋានុក្រមទាំងពីរគណៈ ព្រះសង្ឃ ក្នុងខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមជួយផ្សព្វផ្សាយអប់រំ នៅតាមបណ្តាវត្តទាំង២៧៩វត្តក្នុងខេត្ត ទៅដល់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងបានបរិច្ចាគនូវសម្ភារៈផ្សេងៗជាច្រើនដល់រដ្ឋបាលខេត្ត ឧបត្ថម្ភដល់កងទ័ពការពាព្រំដែន និងគ្រួសារក្រីក្រ ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាការងារកាកបាទក្រហមកម្ពុជា ជាដើម។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍លើកឡើងបែបនេះគឺនៅក្នុងឱកាសពិធីបិទផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការនិមន្ត ជាអធិបតី ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ គណៈមហានិកាយ ព្រះមុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្តកំពង់ស្ពឺ គណៈធម្មយុត្តិកនិកាយ ព្រមទាំងព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាព កងកម្លាំង មន្ត្រីរាជការជុំវិញខេត្ត គណៈកម្មការ-អាចារ្យវត្ត តំណាងវិហារ-ស្នាក់ការ ឥស្លាមសាសនា គ្រិស្តសាសនា នៅសាលាខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ ធម្មការ និងសាសនាខេត្តកំពង់ស្ពឺ ក៏ដូចជាសាលាគណខេត្តទាំងពីគណៈ ដែលបានសហការរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ នេះឡើង។ កិច្ចប្រជុំនេះ ពិតជាបានបង្ហាញនូវសាមគ្គីភាពរវាងអាជ្ញាធរ និងវិស័យព្រះពុទ្ធ សាសនា ក៏ដូចជាការលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យមានសុខុដុមនីយកម្មសាសនា ស្ថិតស្ថេរ និងរីកចម្រើន ក្នុងសង្គមជាតិ។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បន្តថា៖ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ នាឱកាសនេះ គឺដើម្បីពង្រឹងបន្ថែមនូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ទៅតាមលិខិតបទដ្ឋាគតិយុត្តនានាដែលមានស្រាប់ និងដើម្បីធានារក្សានូវវប្បម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់យើង ក៏ដូចជាធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការ រីកចម្រើន សក្តិសមជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ពិសេស ពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃ និងវត្តអារាម ឱ្យស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ ថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានផ្តល់អនុសាសន៍មួយចចំនួន៖


១.សូមព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាភាគីពាក់ព័ន្ធ រួមគ្នាធ្វើយ៉ាងណាបន្តថែរក្សាសុខសន្តិភាពឱ្យបាន ដើម្បីបន្តស្ថិរភាពសង្គម និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
២.គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត រួមគ្នាបំពេញភារកិច្ចតាមឋានុក្រម ដើម្បីបម្រើដល់ព្រះពុទ្ធ សាសនាក្នុងខេត្ត និងរួមចំណែកជួយដល់ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៣.គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត សហការជាមួយមន្ទីរធម្មការ និង សាសនាខេត្ត និងមន្ទីរ ជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយ និងរម្ងាប់នូវអធិករណ៍ ទាំងឡាយ ដែលកើតមាននៅក្នុងខេត្ត ដោយអនុវត្តន៍ទៅតាម ពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត និងច្បាប់ របស់រដ្ឋ ព្រមទាំងឯកសារគតិយុត្តិនានាដែលមានជាធរមាន។
៤.ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា និងពាហិរសាសនា (មិនថាឥស្លាមសាសនា គ្រីស្ទសាសនា) ទាំងអស់ ត្រូវបន ប្រកាន់ខ្ជាប់ការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាពគ្នា សាមគ្គី ក្នុងស្ថាប័ននីមួយៗឱ្យបានល្អប្រសើរឡើង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជម្រុញលើកទឹកចិត្តគណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវយកព្រះទ័យ និងចិត្តទុកដាក់ជម្រុញដល់ ព្រះសង្ឃដែលជាសមណៈសិស្សឱ្យបន្ត រៀនសូត្រឱ្យបានជ្រៅជ្រះ តាមរយៈសាលាពុទ្ធិកសិក្សាដែលមានគ្រប់កម្រិតនៅក្នុងខេត្ត និងជួយគាំទ្រ ដល់វត្តដែលមានសាលាពុទ្ធិកសិក្សា ដើម្បីភាពរីកចម្រើននៃធនធានមនុស្ស ធនធានសង្ឃ តាមរយៈ វិស័យពុទ្ធិកសិក្សានៃក្រសួងធម្មការ និងសាសនា។ក្នុងនោះលោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្ត បានឱ្យដឹងថា ទូទាំងខេត្តកំពង់ស្ពឺមានវត្តសរុបចំនួនសរុប២៩៨វត្ត (ក្នុងនោះវត្តគណៈមហានិកាយចំនួន ២៧៩វត្ត និងវត្តគណៈធម្មយុត្តិកនិកាយចំនួន១៩វត្ត អាស្រមវិបស្សនា ២៤កន្លែង)។ ព្រះសង្ឃសរុបចំនួន៤.៧០១អង្គ ភិក្ខុមាន១.១៩៩អង្គ សាមណេរចំនួន៣.៥០២អង្គ (ព្រះសង្ឃគណៈមហានិកាយចំនួន៤.៥១៧អង្គ ភិក្ខុ១.១៥៩អង្គ សាមណេរ៣.៣៥៨អង្គ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន១៨៤អង្គ ភិក្ខុ៤០អង្គសាមណេរ១៤៤អង្គ។ អាចារ្យសរុបចំនួន១.១៦១រូប គណៈកម្មការវត្តសរុបចំនួន២.៨៤៨រូប តាជីចំនួន ១៥០រូប ដូនជីសរុបចំនួន ៥៨០រូប សិស្សចំនួន ៧២នាក់ និងក្មេងវត្តសរុបចំនួន១៨៥នាក់៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





