កិច្ចប្រជុំស្តីពីការត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល”
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ការអប់រំលើកទី១ និងធំបំផុតនៅកម្ពុជា មានសកម្មភាពចម្រុះ រួមមាន បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ វេទិកាពិភាក្សា និងចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថល ដែលអ្នកចូលរួមទាំងអស់អាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹងឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះបាន។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីគំនិតផ្ដួចផ្ដើម និងសារៈសំខាន់ក្នុងការរៀបចំបង្កើតនូវសន្និសីទ និងពិព័រណ៍អប់រំលើកទី១នេះ ក្នុងគោលដៅប្រមូលផ្ដុំសហគមន៍ដែលមកពីស្ថាប័នចម្រុះ រួមមាន អ្នកបង្កើតគោលនយោបាយ អ្នកឯកទេសអប់រំ អ្នកឯកទេសព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ អ្នកដឹកនាំផ្នែកឧស្សាហកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញការចែករំលែកចំណេះដឹង ការច្នៃប្រឌិត និងការសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំ ដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មអប់រំតាមរយៈបច្ចេកវិទ្យា។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់ក្រុមការងាររៀបចំសន្និសីទ និងភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបានផ្លែផ្កាជាច្រើន និងសូមឱ្យបន្តសហការគ្នាឱ្យបានកាន់តែសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សន្និសីទនេះឱ្យដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក និងបានផ្តល់អនុសាសន៍ឱ្យក្រុមការងារត្រូវមានភាពម្ចាស់ការលើរាល់ដំណាក់កាលនៃកម្មវិធី ជាពិសេសសូមឱ្យរៀបចំជាការប្រកួតវីដេអូខ្លីស្តីពីព្រឹត្តិការណ៍ពិព័រណ៍ EdTech រយៈពេល២ថ្ងៃនេះក្នុងចំណោមអ្នកចូលរួមឱ្យបានផុសផុល ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





