ស្នងការនគរបាលខេត្តកំពង់ចាម៖ គ្រប់កងកម្លាំងទាំងអស់បន្តពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អ
AKP កំពង់ចាម ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមករា ឆ្នាំ២០២៥ ផ្សព្វផ្សាយទិសដៅអគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានណែនាំដល់គ្រប់កងកម្លាំងទាំងអស់ និងបានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង ការប្រចាំការ បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ឱ្យមានប្រសិទ្ធភាព និងបន្ដអភិវឌ្ឍចំណេះដឹង បង្កើនសមត្ថភាព ដើម្បីអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ស្នងការបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយកងកម្លាំងទាំងអស់ដោយ ត្រូវបន្ដពង្រឹងការអនុវត្តការងារ គ្រប់ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន។ បន្ដអនុវត្តយន្ដការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង បើកើតមាន គឺត្រូវតែបោសសម្អាត បង្ក្រាបឱ្យបាន ឱ្យមានប្រសិទ្ធភាពបំផុត។ បន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់បទល្មើស ដូចជាបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរ គ្រឿងញៀន សេដ្ឋកិច្ច និងបទល្មើសចរាចរណ៍ផ្លូវគោក។ បន្ដវិធានផ្សព្វផ្សាយអំពីករណីអគ្គិភ័យឆាបឆេះ ដើម្បីមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានផុលផុស និងយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់លើករណីអគ្គិភ័យឆាប់ឆេះ និងបន្ដពង្រឹង វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សង្គមបានល្អ។

ទន្ទឹមនឹងនោះ លោកឧត្ដមសេនីយ៍ស្នងការបានធ្វើការណែនាំដល់លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរង នគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ បន្តការផ្សព្វផ្សាយផែនការរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដែលគ្រប់កងកម្លាំង យកចិត្តទុកដាក់ខ្ពស់លើការ ការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលខាងមុខនេះ ឱ្យបានល្អ ដើម្បីក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋយើងរួមទាំងភ្ញៀវជាតិ និងអន្តរជាតិមកដែលចូលមកទស្សនាកម្សាន្តក្នុងភូមិសាស្ត្ររបស់ខេត្តយើង៕



ដោយ ឆាយ ម៉ុត





