បទយកការណ៍៖ កសិទេសចរណ៍ នៅឃុំព្រះដាក់ ទាក់ចិត្តទេសចរបរទេស ដើម្បីឈ្វេងយល់ពីវប្បធម៌ ប្រពៃណី និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ
AKP សៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- បើនិយាយពីឃុំព្រះដាក់ មិនថាតែភ្ញៀវទេសចរក្នុងស្រុក ឬភ្ញៀវទេសចរបរទេសនោះទេ គឺចង់ទៅលេងកម្សាន្ដនៅទីនោះ ព្រោះនៅទីនោះ គឺជាតំបន់មួយ ដែលប្រជាពលរដ្ឋបានចូលរួមអភិរក្សវប្បធម៌ គោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរបានយ៉ាងល្អប្រសើរ ជាពិសេសនោះ មានផលិតផលប្រចាំភូមិសាស្រ្តដ៏ល្បីល្បាញ គឺនំបញ្ចុករបស់ខ្មែរ។

ដោយសារតែតំបន់នោះមានភាពល្បីល្បាញ និងជាកន្លែងដែលទាក់ទាញផងនោះ ភ្ញៀវទេសចរបរទេសជាក្រុមៗ បានធ្វើដំណើរទៅដល់ឃុំព្រះដាក់ ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសិក្សាឈ្វេងយល់ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។

ភ្ញៀវទេសចរបរទេសទាំងនេះ បានបង្ហាញពីការសប្បាយរីករាយ និងពេញចិត្តនៅពេលបានឃើញ ពីការស្វាគមន៍ដោយស្នាមញញឹមរបស់ប្រជាជនខ្មែរ រួមជាមួយវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ល្អ របស់ប្រជាពលរដ្ឋនៅតំបន់នេះ។

លោក ខាន់វ៉ាន់ ឆាយ តំណាងឱ្យបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី ខេត្ដសៀមរាបបានឱ្យដឹងថា សហគមន៍បានរៀបចំកសិទេសចរណ៍នេះជាច្រើនឆ្នាំមកហើយ និងបានធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ ជាខ្លាំង ដោយសារនៅក្នុងសហគមន៍នេះ មានការបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនជាប្រចាំ ដូចជាការធ្វើនំបញ្ចុកខ្មែរតាមបែបបុរាណ ស្ទួងស្រូវដោយកម្លាំងមនុស្ស ការដុតក្រឡាន ការបង្ហាញពីសិល្បៈ ជាដើម។ លោកបន្តថា បច្ចុប្បន្ននេះភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅក្នុងសហគមន៍នេះ ហាក់មានភាពល្អប្រសើរឡើងវិញបន្តិចហើយ។ លោក ខាន់វ៉ាន់ ឆាយ បានបន្តទៀតថា នៅស្រុកបន្ទាយស្រីនេះ ក៏មានសហគមន៍ទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសគួរតែទៅឱ្យដល់ដូចជា សហគមន៍ទេសចរណ៍នៅត្បែង នៅបឹងឈូក នៅបន្ទាយស្រី នៅតាមជើងភ្នំគូលែនផងដែរ។

ជាមួយគ្នានេះ លោក ខ្ចី ជួន ជាអ្នកលេងភ្លេងបុរាណ នៅឃុំព្រះដាក់ បានឱ្យដឹងដែរថា នៅពេលដែលភ្ញៀវទេស ចរបានមកដល់ទីនេះ គឺពួកគាត់តែងតែបានលេងភ្លេងបុរាណខ្មែរ ដើម្បីជាការស្វាគមន៍ នឹងចង់បង្ហាញឱ្យភ្ញៀវទេសចរបរទេសបានឃើញឧបរកណ៍បុរាណ និងស្តាប់តន្រ្តីបុរាណខ្មែរផងដែរ។ លោកបាននិយាយថា សហគមន៍ ក៏តែងតែបានបង្ហាញ ក៏ដូចជាបង្រៀនពួកគាត់អំពីរបៀធ្វើនំបញ្ចុក របៀបស្ទួងស្រូវ របៀបធ្វើក្រឡានជាដើម។លោក ខ្ចី ជួន បាននិយាយបញ្ជាក់ថា៖ «នៅពេលភ្ញៀវទេសចរមកដល់ទីនេះ តែងតែបង្ហាញពីការពេញចិត្ត ហើយក៏ស្នើឱ្យអាជ្ញាធរជួយជំរុញភ្ញៀវទេសចរឱ្យមកដល់សហគមន៍ពួកគាត់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះវិស័យ ទេសចរណ៍នេះ បានផ្តល់ប្រាក់ចំណូលដល់ប្រជាជនក្នុងសហគមន៍ ជួយធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរ»។

ចំណែកលោក វិទូ ជាកូនខ្មែរកើននៅប្រទេសកាណាដា បានលើកឡើងថា នេះជាលើកទី១ហើយដែលបានមកដល់ប្រទេសកម្ពុជា ហើយក៏មានការរំភើបជាខ្លាំង ព្រោះបានឃើញប្រទេសកម្ពុជាមានភាពស្រស់បំព្រង ប្រជាជនភាពរុសរាយរាក់ទាក់ដោយស្នាមញឹម។ លោកបានលើកឡើងថា នេះក៏ជាលើកដំបូងដែរ ដែលលោកបានឃើញកសិករខ្មែរស្ទួងស្រូវដោយប្រើកម្លាំងមនុស្ស ហើយលោកសូមកោតសសើរ និងស្ញប់ស្ញែងចំពោះពួកគាត់។លោកនិយាយទៀតថា សកម្មភាពទាំងនេះ ក៏បានផ្តល់ជាបទពិសោធន៍ល្អៗសម្រាប់លោក សម្រាប់យកទៅចែកជូនដល់មិត្តភក្តិរបស់ពួកគេនៅឯប្រទេសកាណាដា។ ក្រៅពីនេះលោក ក៏បានឃើញប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌខ្មែរដ៏សម្បូបែបជាច្រើនទៀត និយាយជារួមលោកគិតថា ប្រទេសកម្ពុជាពិតជាមានភាពអស្ចារ្យ។

ជាមួយគ្នានេះដែរ លោក ចេម និងមិត្តភក្តិរបស់លោក ក៏បានលើកឡើងដែរថា ពេលបានមកដល់ប្រទេ សកម្ពុជា មានអារម្មណ៍ថា ស្រស់ថ្លា នឹងអស្ចារ្យជាមួយសម្បត្តិបេតិកភណ្ឌ និងធនធានធម្មជាតិ។ លោកអះអាងថា ពេលមកដល់ខេត្តសៀមរាប លោកបានទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណមួយចំនួនទៀត ហើយគិតថា វាអស្ចារ្យគ្មានពីរ។ បន្ទាប់មកលោកក៏បានមកដល់សហគមន៍ទេសចរណ៍នៅឃុំព្រះដាក់នេះ ក៏បានធ្វើឱ្យគាត់មានអារម្មណ៍ប្លែកមួយបែបទៀត ជាពិសេសនៅពេលបានដោះស្បែកជើង ចុះស្ទួងស្រូវជាមួយកសិករខ្មែរ ដែលជាលើកដំបូងរបស់លោកក្នុងការស្ទួងស្រូវដោយផ្ទាល់ដៃនេះ ហើយក៏ជាបទពិសោធន៍សម្រាប់ក្រុមពួកលោក ជាមួយការហូបនំបញ្ចុកខ្មែរមានរស់ជាតិឆ្ងាញ់ ផងដែរ។

លោកបញ្ជាបន្ថែមថា៖ «កសិកខ្មែរពិតជាមានការតស៊ូ ក្នុងការដាំដុះ និងសូមកោតសសើរ។ ដោយសារតែមកក្រុមខ្ញុំមកនេះមានរយៈពេលខ្លីមិនបានឈ្វេងយល់ពីកម្ពុជាឱ្យបានច្រើន ហើយខ្ញុំនឹងត្រឡប់មកកម្ពុជាម្តងទៀតដោយនាំក្រុមគ្រួសារ មិត្ដភក្តិផ្សេងៗទៀតមកជាមួយ»៕











ដោយ៖ ឃុត សៅ





