ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង ឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ និងគណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចំពោះ ក្រសួងធនធានទឹក និងឧតុនិយម និងបានអញ្ជើញមកសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈមឆ្នាំ២០២៤ និងចក្ខុវិស័យរបស់ក្រសួងឆ្នាំ២០២៥ និងបានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចយ៉ាងសកម្មរបស់ក្រសួងធនធានទឹក និង ឧតុនិយម ជាមួយការពង្រឹងការងារគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋាន គតិយុត្ត ដើម្បីធានាឱ្យបាននូវការគ្រប់គ្រង អភិវឌ្ឍ អភិរក្សធនធានទឹកនៅកម្ពុជា ប្រកបដោយនិរន្តរភាព និងបរិយាបន្ន សំដៅធានាឱ្យបាននូវសន្តិសុខទឹកសម្រាប់ប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយ គ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និង ដំណាំគ្រប់ប្រភេទ។ គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១៩៦៩៨៤៣ ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១ ៣៨៧ ០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២ ៧៩២ហិកតា។ នៅក្នុងការអនុវត្តការងារ ក្រសួងក៏បានជួបបញ្ហាប្រឈមជាច្រើន ដែលតម្រូវឱ្យមានការដោះស្រាយឱ្យមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍធនធានមនុស្សសម្រាប់បន្តវេន ប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មាន ព្យាករណ៍ និងជូនដំណឹងជាមុននៅមានកម្រិត លិខិតបទដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធាន ទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពុំទាន់មានភាព គ្រប់ជ្រុងជ្រោយ ហើយ ថវិកាសម្រាប់ ការងារស្ដារ ជួសជុល ថែទាំ និងកិច្ចដំណើរការលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តមិនទាន់ឆ្លើយតប ទៅនឹងចំនួនប្រព័ន្ធធារាសាស្ត្រដែលមាន បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការ កើនឡើងនូវគ្រោះធម្មជាតិ ដែលអាចប៉ះពាល់ បង្កការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធទឹក និងប្រព័ន្ធធារាសាស្រ្ត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន និងបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ តាមរយៈ ការអនុវត្តនូវ ទិសដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញ ដែលធ្វើឱ្យវិស័យធនធានទឹក ដើរតួនាទីកាន់តែសំខាន់ថែមទៀតក្នុងដំណើរទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងធនធានទឹក)




