ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងឆ្លើយតបទាន់ពេលវេលា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម និងជាតំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំវេទិកាសាធារណ: និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិត ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបានពាំនាំនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋឃុំតាំងក្រសាំង ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី។ សម្តេចធិបតីបាន និងកំពុងបន្តរក្សាសន្តិភាព និងដឹកនាំការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសបានបង្កើតឱ្យមានរដ្ឋាភិបាលតែមួយ និងសមិទ្ធផលតែមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសរសើរចំពោះក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានស្ម័គ្រចិត្តចូលរួមដឹកនាំមូលដ្ឋានឃុំតាំងក្រសាំង ក្នុងការកសាង និងបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសចូលរួមឆ្លើយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំ ជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលាតាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងហ៊ានតស៊ូមតិដើម្បីសហគមន៍យើង៕


ដោយ សួស សំរិត




