ស្ពានបាឡេមួយខ្សែត្រូវបានស្ថាបនារួចជាស្រេចក្រោយពីទឹកជំនន់បំផ្លាញកាលពីឆ្នាំមុន
AKP បាត់ដំបង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ស្ពានលូមួយកន្លែងដែលបាក់ស្រុត និងកាត់ផ្ដាច់ដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ត្រូវបានក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាត់ដំបង បានស្ថាបនាស្ពានបាឡេមួយខ្សែជំនួសវិញ និងបានរួចរាល់ជាស្ថាពរហើយកាលពីពេលថ្មីៗនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

គួរបញ្ជាក់ថាផ្លូវមួយខ្សែនេះបានតភ្ជាប់ពីស្ពានវែងក្នុងស្រុកសំឡូត ឆ្ពោះទៅកាន់ច្រកចរិយា ជាប់ព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានទឹកជំនន់ទឹកភ្លៀងកាត់ផ្ដាច់ស្ពានលូនៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត កាលពីរដូវវស្សាឆ្នាំកន្លងទៅ បណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។

ក្រោយពីសង្កេតឃើញបញ្ហាបែបនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាទៅលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចាត់តាំងកម្លាំង និងរៀបចំគ្រឿងចក្រដើម្បីស្ថាបនាស្ពានបាឡេជំនួសស្ពានលូ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានប្រើប្រាស់ ដែលប្រជាពលរដ្ឋនៅក្នុងភូមិភ្នំរៃនោះ ភាគច្រើនគឺជាជនជាតិភាគតិចព័រ។

ក្រោយពីបានស្ថាបនារួច កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត អមដំណើរដោយលោក ព្រួញ រិទ្ធថា និងក្រុមការងារ បានចុះទៅពិនិត្យឡើងវិញលើការស្ថាបនាស្ពានបាឡេនេះ ដែលមានប្រវែង ១៨ ម៉ែត្រ និង ទទឹង ៤,២ ម៉ែត្រ ជូនបងប្អូនប្រជាជនដែលភាគច្រើនជាជនជាតិភាគតិច ស្ថិតនៅក្នុងភូមិរៃ បានប្រើប្រាស់ និងដឹកកសិផលផ្សេងៗក្នុងការឆ្លងកាត់ទៅកាន់ទីផ្សារ និងឡើងមកកាន់ទីរួមស្រុកសំឡូត ដែលនេះគឺជាកាយវិការមួយយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋដែលរស់នៅចុងកាត់មាត់ញកបានប្រើប្រាស់តាមតម្រូវការ៕

ដោយ សុផល




