ឯកឧត្តម ហ៊ែល តូនី អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សធនធានមច្ឆជាតិដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ
AKP កំពង់ធំ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សធនធានមច្ឆជាតិ ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។ មានប្រសាសន៍ណែនាំដូចនេះក្នុងឱកាសដែលឯកឧត្តម និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងក្រុមការងារបានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមបាង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវត្តពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ហ៊ែល តូនី បានបញ្ជាក់ថា ការអភិរក្សនេះគឺផ្ដើមចេញពីយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ អាជ្ញាធរនៅក្នុងមូលដ្ឋានមន្ត្រីជំនាញពាក់ព័ន្ធក៏មានការគាំពារថែមទៀតពីក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀតលើការអភិរក្សពូជត្រីឬមច្ឆជាតិដែលជាពូជកម្រដែលប្រឈមនឹងការផុតពូជឱ្យបានសម្បូរឡើងវិញនិងជាផ្នែកមួយនៃការជួយបង្កើនសេដ្ឋកិច្ចប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងវិញថែមទៀត គឺអភិរក្សត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍ ជាពិសេសសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំ និងលើកទឹកចិត្តដល់អាជ្ញាធរក៏ដូចជាជំនាញពាក់ព័ន្ធត្រូវកែប្រែឥរិយាបថ អវិជ្ជមានមួយចំនួនកន្លងមក និងងាកមកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយត្រូវគិតប្រយោជន៍រួមនិងផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព។

ក្នុងឱកាសនោះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំពាមបាង ត្រូវអនុវត្តតួនាទី/ភារកិច្ច និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស តម្លាភាពហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងសិក្សាស្វែងយល់ ដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែលប្រជាពលរដ្ឋកំពុងត្រូវការឱ្យជួយបន្ទាន់ ហើយត្រូវតែជួយសម្របសម្រួលដោះស្រាយជូនគាត់ឱ្យបានឆាប់រហ័សនិងប្រសិទ្ធភាពបំផុត។បើអាជ្ញាធរមូលដ្ឋានភូមិឃុំពុំអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំស្រុកឬក្រុមការងារដើម្បីបានជួយសម្របសម្រួល ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានជំនឿជាក់ និងទុកចិត្តពីប្រជាពលរដ្ឋគ្របប់គ្នា។

លោក សាយ គឹមឡម បានថ្លែងអំណរគុណដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងជាពិសេសឃុំពាងបាងឱ្យកាន់តែប្រសើរឡើង៕

ដោយ ស៊ុម វណ្ណា




