វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋានក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋានស្របច្បាប់តាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលអភិបាលរងក្រុង-ស្រុក អធិការដ្ឋាននគរបាលក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ ស្មៀននៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោក ញឹក បានខេង បានមានប្រសាសន៍ថា ការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាជាពិសេសចំពោះប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ។ កន្លងមកយើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងជួបបញ្ហាប្រឈមលើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងគល់បញ្ជីអត្រានុកូលដ្ឋាន និងសំបុត្រអត្រានុកូលដ្ឋានជាមួយឯកសារអត្តសញ្ញាណដទៃទៀត។

ក្នុងឱកាសនោះ លោកអភិបាលរងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធពិសេសមន្ត្រីជំនាញលើការងារអត្រានុកូលដ្ឋាន ទាំងអស់ឱ្យយកចិត្តទុកដាក់បន្ថែមទៀតនៅកិច្ចការនេះនិងស្វែងយល់ឱ្យបានទូលំទូលាយ ស៊ីជម្រៅលើការអនុវត្តការងារ អត្រានុកូលដ្ឋានស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនាពេលនេះព្រោះថាសេចក្តីណែនាំលេខ ០៤២គឺបានណែនាំអំពីការចុះបញ្ជីកំណើតរស់ ចុះបញ្ជីមរណភាព និងចុះបញ្ជីអាពាហ៍ពិពាហ៍ ក្នុងនោះសេចក្តីណែនាំបានបញ្ជាក់អំពីការមិនប្រើប្រាស់នូវសៀវភៅបញ្ជាក់កំណើត សំបុត្របញ្ជាក់កំណើត (២ពណ៌) សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ក្នុងឆ្នាំ) ការចុះសំបុត្រមរណភាព (មិនកំណត់ពេលវេលា) ដូច្នេះប្រជាពលរដ្ឋដែលចង់ចុះសំបុត្រមរណភាពឱ្យសពគឺលែងត្រូវការសុំសាលក្រមពីតុលាការទៀតហើយ៕



ដោយ ស៊ុម វណ្ណា




