សហភាពអឺរ៉ុបធ្វើទស្សនកិច្ចនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ សហការជាមួយក្រុមការងារអង្គការ People in Need Cambodia នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានរៀបចំនិងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ ប្រតិភូសហភាពអឺរ៉ុប និងប្រទេសនានាមកពីសហភាពអឺរ៉ុប នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ដំណើរទស្សនកិច្ចនេះមានគោលបំណងចំនួនពីរសំខាន់គឺ៖ ទី១. ពិនិត្យមើលសមិទ្ធផលនានារបស់គម្រោង «ការបញ្ជ្រាបវារីវប្បកម្មក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា» ដែលផ្តល់ការគាំទ្រដោយ Česká rozvojová agentura - CzechAid និងទី២. ពិនិត្យមើលការសិក្សាពីបញ្ហាប្រឈម និងពិនិត្យលទ្ធភាពបន្តការគាំទ្របន្តទៀត ។

ដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមពីលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ លោក ស៊ឹម ប្រឹម ប្រធានមន្ទី អប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងតំណាងអង្គការ PEOPLE IN NEED គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធ និងប្រតិភូសហភាពអឺរ៉ុប និងប្រទេសនានាមកពីសហភាពអឺរ៉ុប សរុប២៩នាក់៕
ដោយ ណយ នឿន (ប្រភព៖នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)




