មន្រ្ដីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ស្នើដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កើត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ --ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាលបានស្នើដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កើត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាព។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ បែបនេះក្នុងពិធីធ្វើបទបង្ហាញស្ដីពីការចុះអនុវត្តន៍ការងារសង្គមរបស់កម្មសិក្សាការីបញ្ចប់វគ្គវិក្រឹតការឆ្នាំ២០២៤ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីគណ:គ្រប់គ្រងសាលា ឯកឧត្តម សុខ សេងយ៉ន ឯកឧត្តម ស៊ុង វិនទិ ឯកឧត្តម សាលី វណ្ណប៉ុក និងកម្មសិក្សាការីនៃ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ វគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់គុណភាព ថ្នាក់គុណធម៌ និងថ្នាក់នវានុវត្តន៍ វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្នាក់មេត្តា និងវគ្គវិក្រឹតការមន្រ្តីក្រមការថ្នាក់ករុណា។

ក្នុងឱកាសនោះដែរ កម្មសិក្សាការីមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ បានលើកយកនូវការងារសង្គមក្រោមប្រធានបទ ស្លាកលេខផ្ទះក្រោមម្លប់សន្តិភាព ដោយបានបង្ហាញពីភាពជោគជ័យ ដែលបានមកពីស្មារតីសាមគ្គីភាព ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍ បទពិសោធន៍ ចំណេះដឹង ទី១.បង្កើតឱ្យមានកិច្ចសហការល្អរវាងកម្មសិក្សាការីថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន។ ទី២.ទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ ទី៣.ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងទាំងចំណេះដឹង ចំណេះធ្វើ សម្រាប់ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាផ្នែកមួយផ្សារភ្ជាប់ទ្រឹស្តី ទៅនិងសង្គមជាក់ស្តែង។ ទី៤.ចេះធ្វើផែនការសកម្មភាព ផែនការថវិកា ចេះស្រឡាញ់គ្នា យកគោរពស្មារតីសម្រេចជា ក្រុមប្រកបដោយភាតរភាព ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសង្គម។ ទី៥.ចេះប្រឹក្សាស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍អំពីសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋក្នុងភូមិជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការឆ្នាំ២០២៤ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ឧស្សាហ៍ព្យាយាម និងបានចូលរួមនៅសកម្មភាពសង្គមដើម្បីទទួលយកនូវបទពិសោធន៍ ចំណេះដឹងសម្រាប់ទៅអភិវឌ្ឍន៍មូលដ្ឋានក៏ដូចជាការងាររបស់ខ្លួននៅតាមអង្គភាពស្ថាប័នវិញ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា ការចូលរួមការងារសង្គមគឺពិតជានាំមកនៅបទពិសោធន៍ និង ចំណេះដឹងច្រើន ដែលកើតចេញពីការជម្នះរាល់ឧបសគ្គនិងបញ្ហាលំបាកទាំងឡាយ ដែលបានជួបប្រទះក្នុងការអនុវត្តការងារជាក់ស្ដែងសម្រាប់ខ្លួនយើង។

ឯកឧត្ដមបន្ដថា ការលំបាកដែលយើងឆ្លងកាត់នេះជាបទពិសោធន៍និងសូមសំណូមពរដល់កម្មសិក្សាការី ទាំងអស់ពេលត្រឡប់ទៅកាន់ក្រសួង អង្គភាព របស់ខ្លួនវិញត្រូវយកចំណេះដឹងបទពិសោធន៍នៃការកសាងគម្រោងនេះទៅអនុវត្តន៍ ហើយអ្នកដែលមិនធ្លាប់បង្កើតនូវគម្រោងត្រូវតែខិតខំបង្កើតគម្រោង ចំពោះអ្នកដែលធ្លាប់បង្កើតគម្រោងហើយត្រូវពង្រីកនូវគម្រោងរបស់ខ្លួនឱ្យបានកាន់តែធំសំដៅចូលរួមកសាងបាននូវសង្គម ឬសហគមន៍មួយរីកចម្រើនជាមួយនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ទទួលបានការសាទរបន្ថែមទៀតពីពីប្រជាពលរដ្ឋក៏ដូចជាមិត្តរួមការងារទាំងអស់៕
ដោយ៖ រិទ្ធី




