ក្រសួងប្រៃសណីយ៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ហ្វីលីពីន ធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្ដីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា
AKP សៀមរាប ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្ដីពី “វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន” ដោយសន្និសីទសារព័ត៌មានបានធ្វើឡើងនៅ Raffles Grand Hotel d'Angkor Siem Reap ខេត្តសៀមរាប។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមកដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ជាពិសេស នៅថ្ងៃនេះគឺអ្នកបច្ចេកទេសនៃប្រទេសទាំងពីរបានជួបគ្នាដើម្បីផ្លាស់ប្តូរបទពិសោធនិងធ្វើការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរនូវប្រព័ន្ធឌីជីថលចំនួន២ គឺថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។ ឯកឧត្តមរដ្ឋមន្ត្រីទទួលស្គាល់ និងអបអរសាទរចំពោះសាធារណរដ្ឋហ្វីលីពីននូវវឌ្ឍនភាព និងភាពជោគជ័យក្នុងការដាក់ឱ្យដំណើរការកម្មវិធី eGov SupperApp ដែលជាកម្មវិធីដ៏មានសក្តានុពលមួយដោយរួមបញ្ចូលនូវសេវាសាធារណៈទាំងអស់ដែលកំពុងផ្ដល់ដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃសាធារណរដ្ឋហ្វីលីពីន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីភាពខ្លាំងនៃកម្មវិធី eGov SupperApp របស់ហ្វីលីពីន ថាបច្ចេកវិទ្យា បទពិសោធន៍ និងលក្ខណៈពិសេសនៃកម្មវិធីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធី DG SupperApp របស់កម្ពុជា និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍គ្នាទៅវិញទៅមក គឺមានសារៈសំខាន់ណាស់ ព្រោះកិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យ(១)ល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនឹងលឿនជាងមុន។ (២) ប្រទេសទាំងពីរមានមូលដ្ឋានកាន់តែរឹងមាំក្នុងសម្រេចចិត្តជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល ផ្អែកតាមការផ្លាស់ប្តូរបទពិសោធដែលប្រទេសទាំងពីរបានជួបប្រទះកន្លងមកក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង (៣) ចំណងការទូតរវាងកម្ពុជានិងហ្វីលីពីនកាន់តែមានភាពជិតស្និទ្ធមួយកម្រិតទៀតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម Ivan John E. Uy បានលើកឡើងអំពីអត្ថប្រយោជន៍ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph សម្រាប់ហ្វីលីពីន ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានាដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សាធារណរដ្ឋហ្វីលីពីននិងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការយកទៅប្រើប្រាស់ ។ ឯកឧត្តមបានបន្តទៀតថា ហ្វីលីពីនបានពិនិត្យឃើញអំពីភាពលេចធ្លោនៃថ្នាល verify.gov របស់កម្ពុជាដែលអាចដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ រួមមានជាអាទិ៍ អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋានដែលរួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព បណ្ណបើកបរ ព្រមទាំងសញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។ កិច្ចសហប្រតិបត្តិការរវាងក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវនៃដំណោះស្រាយឌីជីថលដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ហើយកិច្ចសហប្រតិបត្តិការទាំងនេះក៏បានបង្ហាញអំពីជំហរនិងការតាំងចិត្តរបស់ប្រទេសទាំងពីរក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ៕
ដោយ ឃុត សៅ





