អាជ្ញាធរជាតិព្រះវិហារបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទគោកគ្រង
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥--
នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទគោកគ្រង ដំណាក់កាលទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទនេះឡើងវិញ ។

ថ្លែងក្នុងពិធីក្រុងពលីបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទគោកគ្រង លោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានលើកឡើងថា ដោយពិនិត្យឃើញស្ថានភាពបែកបាក់ ទ្រុឌទ្រោមនៃសំណង់ប្រាសាទគោកគ្រង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ តម្រូវឱ្យមានការអន្តរាគមន៍ភ្លាមៗ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំផែនការអភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទនេះឡើងវិញ។

តាមផែនការដែលបានគ្រោងទុក ការអភិរក្ស និងជួសជុល ប្រាសាទគោកគ្រងនេះ ធ្វើឡើងជា២ដំណាក់កាល។ ជាក់ស្តែងនៅក្នុងដំណាក់កាលទី១នេះ អ្នកជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ នឹងអនុវត្តនូវផែនការសកម្មភាពចំនួន៥ រួមមានការធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សារចនាសម្ព័ន្ធសំណង់ប្រាសាទ បែងចែកGrid ប្រមូលបំណែកវត្ថុសិល្បៈជួសជុលស៊ុមទ្វារ ផ្តែរ និងសសរពេជ្រ ការសាងសង់ដំបូលដែកប្រក់ពីលើប្រាសាទ និងការទល់ទ្ររចនាសម្ព័ន្ធខាងក្នុងប្រាសាទមុនពេលជួសជុល។

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១នៃការអភិរក្ស និងជួសជុលប្រាសាទគោកគ្រងនេះមានរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រោមជំនួយថវិកាជាតិ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)




