គម្រោង Wonders of the Mekong បើកកិច្ចប្រជុំពិភាក្សាសម្រាប់អនាគតនៃទន្លេមេគង្គ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥--
មន្រ្តីគម្រោង Wonders of the Mekong បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ថា យើងខ្ញុំរំភើបរីករាយណាស់ដែលថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong គឺលោកបណ្ឌិត ហ្សេប ហូហ្គេន និងលោកបណ្ឌិត ស៊ូឌីប ចន្រ្តា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបន្តការងារទៅមុខទៀត។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្ដែងក្ដីសោមនស្សរីករាយសម្រាប់លទ្ធផលជាទីគាប់ចិត្តរបស់គម្រោងនាពេលកន្លងមក និងបានសង្កត់ធ្ងន់ និងរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់លោកសម្រាប់ការបន្តអនុវត្តគម្រោងនេះ។ ឯកឧត្តមក៏បានទទួលស្គាល់ផងដែរថា ការកើនឡើងនៃទិន្នផលត្រី និងវត្តមានត្រីរាជជាច្រើនក្បាលឆ្នាំនេះគឺបានមកពីការរួមចំណែកមួយផ្នែកនៃការខិតខំប្រឹងប្រែងរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលរួមដៃគ្នាជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ដែលជាសក្ខីកម្មនៃឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រកបដោយនិរន្តរភាព។

ថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកបណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប សម្រាប់ភាពជាដៃគូមិនងាករេតាំងពីថ្ងៃដំបូង។ យើងរួមដៃគ្នាធ្វើការដើម្បីការការពារធនធានធម្មជាតិដ៏អស្ចារ្យរបស់ទន្លេមេគង្គ៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)




