ក្រសួងព័ត៌មាន៖ ការអភិវឌ្ឍផ្នែកព័ត៌មាន និងសោតទស្សន៍ គឺអាស្រ័យលើនិន្នាការសំខាន់ៗមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥-
ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការអភិវឌ្ឍផ្នែកព័ត៌មាន និងសោតទស្សន៍ គឺអាស្រ័យលើនិន្នាការ សំខាន់ៗមួយចំនួន រួមមាន និន្នាការនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិវត្តផ្នែកបច្ចេកវិទ្យា និងឌីជីថល។ កត្តាទាំង៣នេះបានជះឥទ្ធិពលខ្លាំងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងទាមទារនូវការដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីរក្សាលំនឹងស្ថានភាពសង្គម។ នេះតាមការលើកឡើងនៅក្នុង សៀវភៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៥ ដែលត្រូវ បានផ្សព្វផ្សាយតាមរយៈសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ក្នុងផែនការនេះបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោបាយលើគ្រប់វិស័យដើម្បីបន្តការពារ និងកសាងកម្ពុជាទៅជាប្រទេសជឿនលឿនក្នុងតំបន់ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ ការរួមចំណែករក្សាឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មានជាអាទិភាពដ៏សំខាន់របស់ក្រសួងព័ត៌មាន រួមជាមួយការពង្រឹងការងារការទូតព័ត៌មានក្នុងបរិបទនៃនិម្មាបនកម្មអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងសកល ដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងផ្អែកលើមូលដ្ឋានច្បាប់។ មួយវិញទៀត ក្នុងដំណាក់កាលនៃនិម្មាបនកម្មសេដ្ឋកិច្ចសកលកំពុងប្រែប្រួលខ្លាំង ដោយមជ្ឈភាពនៃកំណើនសកលកំពុងបន្តនិន្នាការងាកមករកតំបន់អាស៊ី។ ក្នុងន័យនេះ កម្ពុជាគួរចាប់យកនូវឱកាសនេះ ដោយត្រូវជំរុញការផ្សព្វផ្សាយការតភ្ជាប់ប្រជាជននិងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច នឹងបន្តជំរុញរំហូរទំនិញ សេវា ពលកម្ម ការវិនិយោគ និងការផ្ទេរ បច្ចេកវិទ្យា ដែលកត្តាទាំងនេះត្រូវការជាចាំបាច់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលទុកចិត្តបានសម្រាប់ការសម្រេចចិត្ត។ ក្នុងបរិការណ៍នេះ ក្រសួងព័ត៌មាននឹងបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការជាមួយសមភាគី ទាំងក្នុងតំបន់ និងសកលលោក ដើម្បីជំរុញបង្កើនការផ្សារភ្ជាប់កម្ពុជាជាមួយមជ្ឈដ្ឋានក្រៅ។
ទន្ទឹមនឹងនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបាននាំមកនូវការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងប្រព័ន្ធផ្សព្វ ផ្សាយ ពោលគឺប្រព័ន្ធផ្សព្វផ្សាយជំនាន់ថ្មី ដែលកំពុងជះឥទ្ធិពលខ្លាំងដល់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីលើកកម្ពស់សមាហរណកម្មនៃវិស័យនេះ កម្ពុជាបាន និងកំពុងជំរុញការផ្លាស់ប្តូរការ ផ្សាយពីប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថល ស្របតាមការតាំងចិត្តរួមរបស់អាស៊ាន និងត្រូវត្រៀមលក្ខណៈ សម្រាប់ប្រព័ន្ធផ្សាយជំនាន់ថ្មី ដែលត្រូវបានប្រើប្រាស់ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែប្រសើរ និងឆ្លើយតបចំពោះតម្រូវការបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយស្របតាមការវិវត្តនៃបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការអនុវត្តអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជា ជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»៕
ដោយ៖ ចាន់ សុភឿន





