រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំស្តីការដង្ហែអ្នកតាជុំវិញបរិវេណក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥--
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំច្បាប់អនុញ្ញាតដង្ហែម៉ុងសាយ និងដង្ហែអ្នកតាជុំវិញបរិវេណក្រុងតាខ្មៅ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នាពេលខាងមុខនេះ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នឹងមានការដង្ហែម៉ុងសាយ ដង្ហែអ្នកតា ជុំវិញបរិវេណក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ ហើយអាចនឹងមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនទូទៅ ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។ ដូច្នេះតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយគណៈកម្មាការសមាគមន៍ខ្មែរ- ចិន-វៀតណាម ចូលរួមជួយសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះជាចាំបាច់។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់គណៈបញ្ជាការឯកភាពខេត្ត រដ្ឋបាលក្រុងតាខ្មៅ ត្រូវម្ចាស់ការ និងប្រើប្រាស់មធ្យោបាយឱ្យអស់លទ្ធភាព និងទទួលខុសត្រូវខ្ពស់លើកិច្ចប្រតិបត្តិការក្នុងពិធីខាងលើនេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាសណ្តាប់សាធារណៈរបៀបរៀបរយ និងជួយសម្រួលចរាចរណ៍ តាមដងផ្លូវឱ្យបានល្អប្រសើរ ក្នុងឱកាសដង្ហែម៉ុងសាយ និងដង្ហែអ្នកតាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





