ខេត្តព្រះសីហនុបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
AKP ព្រះសីហនុ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ នាយកសាលា មេឃុំ ចៅសង្កាត់ និងវិស័យឯកជន។

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការដឹកនាំចាត់ចែង និងអនុវត្តតាមតួនាទីភារកិច្ចយ៉ាងសកម្មតាមជំនាញរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមចំណែក និងផ្តល់នូវកិច្ចសហការគាំទ្រក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសសម្រេចបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងរួមគ្នាពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋ កិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យភ័ស្តុភារកម្ម វិស័យទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងឆន្ទៈសម្រេចបាននូវចក្ខុវិស័យជំរុញកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះរាជរដ្ឋាភិបាលបានលើកកម្ពស់ការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹងអភិបាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ»។

ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាលទ្ធផល ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុទទួលបានសំណើសុំលើកទឹកចិត្តចំនួន២៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន២១៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៦ពាន់លានដុល្លារ (៦.០២៦.០០០.០០០ដុល្លារ)។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបន្តទៀតថា ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះក្មេងទំនើង ព្រមទាំងការអនុវត្តបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ការផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ពិសេសបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ និងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។
ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ យើងក៏នៅសេសសល់បញ្ហាប្រឈមនានា ត្រូវបន្តខិតខំរួមគ្នាពុះពារ ជម្នះដោះស្រាយ ក្នុងនោះការពង្រឹងការគ្រប់គ្រងសភាពការណ៍នៅក្នុងខេត្ត សំដៅដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងព្រឹត្តិការណ៍នានាជាច្រើនទៀត។ សន្និបាតនឹងមានបទអន្តរាគមន៍របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពចំនួន១៨ លើប្រធានបទសំខាន់ៗចំនួន១៨ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមនានាបានទាន់ពេលវេលា៕
ដោយ ងូ សុមុនី





