ពេញមួយឆ្នាំ២០២៤ អង្គភាពចំណុះរបស់ក្រសួងព័ត៌មានបានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកបដោយវិជ្ជាជីវ:ខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
របាយការណ៍សង្ខេបនៃលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៤ មន្រ្តីរាជការនៅគ្រប់អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះរបស់ក្រសួងព័ត៌មាន បានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកបដោយវិជ្ជាជីវ:ខ្ពស់ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងបរិបទបរិវត្តកម្មឌីជីថល។ ការបង្ហាញរបាយការណ៍នេះ តាមរយៈសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មានបានលើកឡើងក្នុងរបាយការណ៍ថា ដោយមានការចង្អុលបង្ហាញច្បាស់លាស់ប្រកបដោយវិធីសាស្រ្ត យុទ្ធសាស្ត្រ និងទស្សនវិស័យថ្មីរបស់ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ក្រសួងព័ត៌មានបានធ្វើទំនើបកម្មស្ថាប័ន ជាមួយឥរិយាបថប្រតិបត្តិករគ្រប់តួអង្គ ដោយប្រកាន់យកនវានុវត្តន៍ឌីជីថលូបនីយកម្ម ដើម្បីដើរឱ្យស្របទៅនឹងកំណើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media និងបញ្ញាសិប្បនិមិត្ត និងការខិតខំជម្នះរាល់បញ្ហាប្រឈមដើម្បីធ្វើឱ្យសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ២០២៤-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចុះ ដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវបានបន្ដថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា វិស័យព័ត៌មាន សោតទស្សន៍ និងការគ្រប់គ្រងសាធារណ:មតិ ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដំណើរការទៅបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព ខណៈមានកំណើនកើនច្រើនឡើងៗនៃចំនួនអ្នកសារព័ត៌មានប្រជាជន ដែលបាន និងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍វៃឆ្លាតធ្វើជាមធ្យោបាយផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម មានដូចជា Facebook Tik Tok Telegram និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត ដោយនាពេលបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជារីកចម្រើនប្រកបដោយភាពចម្រុះ និងមានមាតិកាគ្រប់ប្រភេទ គ្រប់ទស្សន: បាន និងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការណ៍ផ្សេងៗ ដែលបានកើតឡើងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដើរតួនាទីជាស្នូល ដោយប្រកាន់យកអភិក្រម «ថ្មី ពិត និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវ: ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

បើតាមលោកជំទាវរដ្ឋលេខាធិការប្រចាំការ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មានបន្តធ្វើការពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្ស សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយធ្វើវិក្រឹតការក្នុងវគ្គជំនាញ និងរដ្ឋបាល សំដៅបំពេញលក្ខខណ្ឌជាមន្រ្តីរាជការប្រកបដោយគុណាធិបតេយ្យ ក្នុងការបំពេញមុខនាទីបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ ពិសេសការពង្រឹងប្រសិទ្ធភាពការងារ ដើម្បីឱ្យស័ក្តិសមជា «យុទ្ធជនសមរភូមិសតិអារម្មណ៍» របស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម ហើយក្នុងគោលបំណងតម្កល់នូវឧត្តមគតិជាតិដ៏ថ្លៃថ្លា ក្រសួងព័ត៌មានខិតខំបន្តបំពេញបេសកកម្មជាប្រវត្តិសាស្រ្ត ក្នុងការប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការបម្រើជាតិ ប្រជាជន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងធ្វើឱ្យកម្ពុជាក្លាយជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាពយូរអង្វែង និងវិបុលភាពឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយ នៅក្នុងតំបន់ជាមួយស្នាមញញឹមរបស់ប្រជាពលរដ្ឋទាំងប្រុស ស្រី ចាស់ក្មេង គឺបានរស់នៅក្នុងសុខសន្តិភាព និងមានភាពជឿជាក់ និងក្តីសង្ឃឹមជានិច្ចចំពោះអនាគតដ៏រុងរឿងរបស់កម្ពុជា។

សូមជម្រាបជូនថា ជារួម នៅក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មានសម្រេចបានការងារធំៗជាច្រើនសម្រាប់ប្រទេសជាតិគួរជាទីមោទនៈដោយបានផ្សព្វផ្សាយពីសក្តានុពល និងកិត្យានុភាពជាតិដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំផ្ទាល់ព្រឹត្តិការណ៍ជាតិធំៗ ជាពិសេសការទទួលខុសត្រូវលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ ដោយបានធ្វើការផ្សាយជូនដល់មជ្ឈ ដ្ឋានសាធារណជនជាតិ និងអន្តរជាតិ៕
ដោយ៖ ចាន់ សុភឿន





