រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកថា ការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិជារឿងសំខាន់សម្រាប់ក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥
ក្រសួងព័ត៌មានគឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលដែលការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទោះបីយ៉ាងណានៅក្នុងក្របខ័ណ្ឌនេះក្រសួង ស្ថាប័ននីមួយៗក៏មានផ្នែករបស់ខ្លួនដែលគេហៅថាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យើងមានអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ហើយយើងក៏មានក្នុងក្របខ័ណ្ឌឆ័ត្ររួមមួយគឺគណៈកម្មការធិការជាតិមួយសម្របសម្រួលកិច្ចការព័ត៌មាន និងកិច្ចការសាធារណៈមតិ ដែលជាយន្តការជាតិមួយ ឬដែលយើងហៅសាមញ្ញថាជាបញ្ជាការដ្ឋានព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងផ្សព្វផ្សាយ ក៏ដូចជាគ្រប់គ្រងសាធារណៈមតិ របស់រាជរដ្ឋាភិបាល។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា៖ ហេតុអ្វី វិស័យសារព័ត៌មាន និងសាធារណៈមតិមានសារៈសំខាន់នោះ ដែលចំណុចយើងក៏គួរដឹងថាដំណើរមានការប្រែប្រួលផ្លាស់ប្តូរនៃនិន្នាការ ទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរ ពីការទទួលព័ត៌មានបុរាណពីទូរទស្សន៍ កាសែត វិទ្យុ ទស្សនាវដ្ថី ដែលគាត់អង្គុយទស្សនា អាន ហើយព័ត៌មានដែលគាត់ទទួលបាននោះគឺអ្វីដែលយើងតម្រូវ ឬរៀបចំជូនគាត់ ដើម្បីឱ្យគាត់ដឹង។ ប៉ុន្តែបច្ចុប្បន្ននេះបានផ្លាស់ប្តូរពោលគឺពីប្រព័ន្ធផ្សព្វផ្សាយបុរាណមកជាប្រព័ន្ធផ្សព្វផ្សាយទំនើប ខណៈចំពោះចំណុចនេះយើងក៏ត្រូវដឹងថាតើកម្ពុជាយើងមានប្រព័ន្ធផ្សព្វផ្សាយបុរាណនេះមានចំនួនប៉ុន្មានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រោយពីធ្វើបច្ចុប្បន្នភាពនៅក្នុងឆ្នាំ២០២៣ យើងមានប្រព័ន្ធផ្សព្វផ្សាយបុរាណ ក្នុងនេះមានវិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណ និង រួមទាំងប្រព័ន្ធផ្សព្វផ្សាយថ្មីមានជាង ២ ០០០ ស្ថាប័ន។ ប៉ុន្តែក្រោយពីធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំ២០២៤នេះ យើងមាននៅសល់ប្រមាណ ១ ៦០០ ស្ថាប័ន ពីព្រោះមួយចំនួនបានបិទទ្វារ ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ក្នុងនេះយើងអាចកត់សម្គាល់ឃើញថាការបាត់បង់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណដោយសារតែប្រជាពលរដ្ឋបានងាកមកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទំនើប ហើយកាសែតមួយចំនួនដូចជារស្មីកម្ពុជា កម្ពុជាថ្មី ការសែតភ្នំពេញប៉ុស្ត កាសែតខេមបូឌាដេលី និងកាសែតមួយចំនួនទៀតបានបិទទ្វារជាបន្តបន្ទាប់ដោយសារតែខ្វះទុន។ ទន្ទឹមនេះ ទូរទស្សន៍មួយចំនួនទៀតក៏កំពុងធ្វើដំណើររប៉ាក់រពើកដោយសារតែចំណូល បានមកពីការផ្សាយពាណិជ្ជកម្ម ត្រូវបានធ្លុះធ្លាយ ហើយគេបានផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ឯកឧត្តម នេត្រ ភក្រ្តា បានអះអាងបន្ថែមថា៖ «ចំណុចទាំងអស់នេះហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់យើងមួយចំនួនបានចុះខ្សោយ ចុះខ្សោយដោយសារសេដ្ឋកិច្ច នេះជាចំណុច ដែលយើងមើលអំពីដំណើរវិវត្តន៍ ហើយបដិវត្តន៍មួយនេះបើយើងមើលអំពីការគ្រប់គ្រងព័ត៌មានសាធារណៈមតិកាន់តែស្រួចស្រាល់ថែមទៀត។ នៅពេលប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់យើងដឹកមុខ យើងងាយស្រួលគ្រប់គ្រងដោយសារប្រជាពលរដ្ឋពុំមានអ្វីដែលទទួលព័ត៌មានយើងជាអ្នករៀបចំផ្សព្វផ្សាយទេ ពោលគឺយើងនិយាយអ្វី ប៉ុន្តែបច្ចុប្បន្ននេះ អារម្មណ៍របស់គាត់ប្រែប្រួលទៅតាមបរិបទ និងប្រធានបទ»។ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា នៅពេលដែលនិន្នាការ ប្រជាពលរដ្ឋទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបច្រើនជាង ហើយឥឡូវនេះបើយើងនិយាយពីកម្រិត នៃ អត្រាភាគរយត្រឹមតែ៣០ភាគរយប៉ុណ្ណោះ ដែលគាត់ចំណាយពេលនៅមុខកញ្ចក់ទូរទស្សន៍ ជាពិសេសចាស់ៗ។ ហេតុនេះទើបនិន្នាការនេះ ក្រុមមនុស្សចាស់ៗនៅតែស្រឡាញ់ទូរទស្សន៍ និងស្តាប់វិទ្យុ ដដែលអត់ទាន់ចូលស្មាតហ្វូនទេ តែសម្រាប់ក្មេងៗវិញចាប់ផ្តើមរុញចូលហើយ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរម្លឹកថា ក្នុងរឿងនេះបានធ្វើឱ្យយើងស្ថិតនៅក្នុងបរិបទ បច្ចុប្បន្ន និងទៅមុខ សូមកុំរំពឹងថាស្ថានភាពនៃការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ស្រួលជាងនេះ។ «យើងត្រូវត្រៀមខ្លួនគុណនឹង២គុណនឹង៣សម្រាប់ការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលទាំងមូល ក្នុងក្របខ័ណ្ឌ ក្រសួង ស្ថានប័ន ក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ។ ពីព្រោះថាដោយសារបច្ចេកវិទ្យាព័ត៌មានវិទ្យា កាន់តែរីកចម្រើន ក្នុងនោះអ្វីដែលយើងសង្កេតគឺពាក់ព័ន្ធជាមួយ មធ្យោបាយក្នុងនោះព័ត៌មានវិទ្យា និងល្បឿននៃការបញ្ជូនព័ត៌មាន ពិសេសជាងនេះទី២ដែលយើងប្រឈមនៅរយៈពេលខាងមុខ គឺការរីកដុះដាលនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺសញ្ញាសម្បនិម្មិត AI ដែលថាតើកម្រិតនោះនឹងចូលរំខានក្នុងវិស័យព័ត៌មានរបស់យើងពោលគឺក្នុងព័ត៌មាន និង សោតទស្សន៍ ក្នុងកម្រិតណា»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា។

ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះគេបានប្រើប្រាស់សំឡេង រូបភាពដើម្បីក្លូន ហើយនិង ដើម្បីប្រើសារក្លែងក្លាយដែលចូលទៅក្នុងក្របខ័ណ្ឌព័ត៌មាន និងសាធារណៈមតិ ។ លើសពីនេះទៀត អ្វីដែលយើងត្រូវមើលថាកិច្ចការងារបច្ចុប្បន្នការគ្រប់គ្រងព័ត៌មានសំខាន់ដែលគ្របដណ្តប់ទៅលើមតិយោបល់ អារម្មណ៍របស់ប្រជាពលរដ្ឋ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានកត់សម្គាល់ថា ចំណុចនេះ ការងារព័ត៌មាន និងសាធារណៈមតិបច្ចុប្បន្នគឺជាសមរភូមិដណ្តើមអំណាច ត្រូវមើលថាប្រជាពលរដ្ឋមិនត្រូវពឹងទៅលើព័ត៌មានបុរាណទេ ហើយបើព័ត៌មានបុរាណមិនធ្វើអ្វីដែលជាតម្រូវការរបស់ពួកគាត់ទេ ដែលគាត់នឹងមានជម្រើសទៅលើព័ត៌មានទំនើបក្នុងនោះដូចជាតិកតុក ហ្វេសប៊ុក។ បច្ចុប្បន្ននេះយើងមានតិកតុកជាង១០លានគណនីហ្វេសប៊ុក ហើយហ្វេសប៊ុកមាន១៥លានគណនីយ បូកបញ្ចូលគ្នា២៥លានគណនីយដែលស្មើនឹង២៥លានអង្គភាពព័ត៌មាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំថា៖ «បើយើងមិនស្រួចស្រាល់ទេ ទៅលើការពង្រឹងខ្លួន និងការងារគ្រប់គ្រង យើងប្រាកដជារត់តាមស្ថានការរៀងរហូតយើងមានតែដើរបក់ផ្សែង តែមិនមែនជាការពន្លត់ភ្លើង។ ចំណុចនេះការគ្រប់គ្រងជារឿងសំខាន់ ហើយបានជាយើងពង្រឹងតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិ ហើយ ផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរ ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង៕
ដោយ៖ ដេប៉ូ រូបថត៖ ខឹម សុវណ្ណារ៉ា




