ជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គបញ្ចប់ដោយជោគជ័យ ខណៈកីឡាករ សុខ លីមហេង បន្តគ្រងជើងឯក ៥សម័យកាលជាប់ៗគ្នា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ -- ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈកីឡាករដ៏ឆ្នើម សុខ លីមហេង បានឈ្នះជើងឯកម្តងទៀត ដែលជាការគ្រប់គ្រងម្ចាស់ដំណែងជើងឯក ៥សម័យកាលជាប់ៗគ្នា។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ជក់ចិត្តនេះ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៤សម័យកាល សុខ លីមហេង ដែលឈ្នះមេដាយមាស និងពានរង្វាន់ជើងឯកនេះ គឺបន្ទាប់ពីបានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ ឈាវ បូរ៉ា ទទួលបានមេដាយប្រាក់ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ជា ស៊ីដេត និងលេខ៤ បានទៅលើកីឡាករ នូ ច័ន្ទផានិត (មេដាយសំរឹទ្ធ)។ កីឡាករដ៏ឆ្នើមវ័យ២៥ឆ្នាំនៃវិស័យកីឡាអុកចត្រង្គ សុខ លីមហេង បានឈ្នះមេដាយមាស ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ៥សម័យកាលជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៨ ឆ្នាំ២០២១៩ និងឆ្នាំ២០២០ (២០២១-២០២២ ខកខានរៀបចំ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩) និងបន្តឈ្នះមេដាយមាស នៅឆ្នាំ២០២៣ និងចុងក្រោយមេដាយមាស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤។

ពិធីបិទការប្រកួត និងបំពាក់មេដាយជូនដល់ជ័យលាភីទទួលបានកិត្តិយសអញ្ជើញជាអធិបតីពីលោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងឯកត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងមានការចូលរួមពីឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាង និងប្រតិភូជាច្រើនរូបទៀត។

លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងឯកត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានលើកឡើងថា នេះជាលើកទី៤ សម្រាប់ឆ្នាំ២០២៤របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេស នាខែធ្នូ ឆ្នាំ២០២៥។

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធាន គុជ គីមឡុង បានរម្លឹកថា សហព័ន្ធបានប្រារព្ធធ្វើមហាសន្និបាត សម្រាប់អាណត្តិថ្មី ក្នុងគោលបំណងសំខាន់ ដើម្បីរួមចំណែកអភិរក្ស អភិវឌ្ឍកីឡាអុកចត្រង្គកម្ពុជា ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។

យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជានៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។ ក្រោមការដឹកនាំរបស់ ឯកត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានកែទម្រង់ផ្នែកបច្ចេកទេសយ៉ាងខ្លាំងរហូតបានឈានជើងចូលបើកការប្រកួតនៅឆ្នាំនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រកួតកីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងមានការសហការគ្នាបានយ៉ាងល្អរវាងកីឡាករ កីឡាការនីទាំងអស់មកពីរាជធានី-ខេត្ត បានបង្ហាញនូវទឹកចិត្តចូលរួមយ៉ាងសកម្ម ដែលបានញ៉ាំងឱ្យការប្រកួតនេះប្រព្រឹត្តទៅបានយ៉ាងរលូន ប្រកបដោយជោគជ័យ។
អ្វីកាន់តែពិសេស គឺការប្រកួតប្រជែងកាន់តែមានកម្រិតខ្ពស់លើផ្នែកគុណភាពបច្ចេកទេស ដែលជាកត្តានាំឱ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទទួលបានក្លឹបកីឡាអុកចត្រង្គចំនួន១៨ក្លឹប មានកីឡាករកីឡាការិនីចូលរួមប្រកួតសរុប ៦៥នាក់ (ស្រី ចំនួន០២នាក់)។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវិញ្ញាសាប្រកួតតែ១ប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជនបុរសនារីចម្រុះរយៈពេល ៦០នាទី៕
ដោយ ហេង ណាលីន





