ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន PATA
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥--
ក្នុងកំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន “ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយ គុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយការទទួល ខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន” នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សា ការងារជាមួយលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានស្នើសុំឱ្យក្រុមហ៊ុន PATA ជួយជំរុញការ ផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA និងស្នើសុំឱ្យ PATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជា បន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍អំពីព័ត៌មានទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀតនៅក្នុងបរិបទនៃកម្ពុជា អាស៊ាន និងពិភព លោក តួយ៉ាងការទទួលបានការគាំទ្រពី PATA ក្នុងការផ្តល់កម្មវិធីអភិវឌ្ឍសមត្ថភាពធនធាន មនុស្សនៅក្នុងវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះគឺ ទេសចរឌីជីថល ទីផ្សារ និងការផ្សព្វ ផ្សាយទេសចរណ៍កម្ពុជាជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





