សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខនារីរងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ ដល់មន្ទីរពេទ្យណាមសៃហ្គន និងឧបត្ថម្ភថវិកាបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥--
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យណាមសៃហ្គន ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្ត និងនាំយកថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកទៀត ជូនដល់លោកស្រី នន ចន្ទលក្ខិណា សម្រាប់ជួយសម្រាលការលំបាកដែលត្រូវចំណាយលើការព្យាបាលរយៈពេលយូរនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ក្មួយស្រី នន ចន្ទលក្ខិណា សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយឡើងវិញ និងបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថ្លែងអំណរគុណដោយក្តីរំភើបក្តុកក្តួលចំពោះការសណ្តោសប្រណីជាបន្តបន្ទាប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបន្ទាប់ពីពេលកើតហេតុភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងចាត់មន្ត្រីនាំយកថវិកាចំនួន១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចូលបុណ្យសពឪពុក និងកូន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឱ្យសហការីជួបផ្ទាល់ជាមួយស្វាមីលោកស្រី ដើម្បីចូលរួមសោកស្តាយ សាកសួរពីស្ថានភាពរងរបួសរបស់កូនស្រីរបស់លោកស្រី និងឧបត្ថម្ភថវិកាចំនួន១០លានរៀលផងដែរ។

លើសពីនេះទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាបន្ថែមចំនួន២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការសម្រាកព្យាបាលក្នុងពេលដ៏លំបាកមួយនេះ។ ជាចុងក្រោយ លោកស្រីសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់កូនចៅ និងប្រជាជនកម្ពុជា ជារៀងដរាបតទៅ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)




