ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរងនៅវត្តឥន្រ្ទីយ៍សំវរ:
AKP កំពង់ធំ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង សម័យប្រឡងថ្ងៃទី១៨-១៩ ខែមករាឆ្នាំ២០២៥ ស្ថិតនៅវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឡើយ។

ទន្ទឹមនឹងនេះ លោក តាន់ តៃជ្រាន់ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំបានបញ្ជាក់ថា សម្រាប់បេក្ខសមណសិស្ស-សិស្សសរុបចំនួន ៣១៤អង្គ/នាក់ ក្នុងនោះមានគ្រហស្ថ១៥នាក់ (ស្រី១០នាក់) ចែកចេញជា១៣បន្ទប់ នោះបន្ទប់លេខ១ដល់លេខ១២ ក្នុង១បន្ទប់មានបេក្ខសមណសិស្ស-សិស្សចំនួន ២៤អង្គ/នាក់ ដោយឡែកបន្ទប់លេខ១៣មានបេក្ខសមណសិស្ស-សិស្សចំនួន២៦អង្គ/នាក់ ។គណៈកម្មការមេប្រយោគមានចំនួន៧៤ អង្គ/នាក់។ បេក្ខសមណសិស្ស-សិស្សបាននិមន្ត និងអញ្ជើញមកតាមបណ្តាក្រុង ស្រុកក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕

ដោយ ស៊ុម វណ្ណា





