ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង
AKP កំពង់ធំ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ឈា ប៊ុនរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រងតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំម្សាក្រង និងសាខាបក្សភូមិទាំង១១ភូមិសរុបប្រមាណ៧០នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់គណបក្សឃុំម្សាក្រង ដែលអានដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំម្សាក្រងនិងសេចក្តីរាយការណ៍ផ្ទាល់អំពីស្ថានភាពបច្ចុប្បន្នកង្វល់នានា ក៏ដូចជាសតិអារម្មណ៍របស់សមាជិកបក្សតាមតាមបណ្តាភូមិទាំង ១១រួចមក ឯកឧត្តម ឈា ប៊ុនរិទ្ធ បានមានមតិស្វាគមន៍ និងថ្លែងនូវការកោតសរសេីរអំពីលទ្ធផលការងារដែលគណបក្សឃុំសម្រេចបានព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានខិតខំយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងរយៈពេល១២ខែកន្លងមក និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង។

ឯកឧត្តមប្រធានក្រុមការងារក៏បានលើកឡើងពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេលជាង ២៦ឆ្នាំហើយ ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ ក្រោយការបញ្ចប់សង្គ្រាមទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន។ ឯកឧត្តមបានមានមតិផ្តាំផ្ញើដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រូវបន្តចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងបន្តរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅជាពិសេសសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំទាំងមូលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ ស៊ុម វណ្ណា




