អាជ្ញាធរខេត្តកំពង់ធំរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែនឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតងស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត
AKP កំពង់ធំ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តកំពង់ធំបានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែនឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងវិនិយោគិន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាតនៅក្នុងទឹកដីខេត្តកំពង់ធំ។

ឯកឧត្តមមានប្រសាសន៍លើកឡើងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែនឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា គម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះមានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែន មានពីរគន្លង ចាប់ពីរង្វង់មូលតាក្រហមក រហូតដល់ដាវដែកកំពង់ស្វាយ ផ្លូវបំបែកសៀមរាប-ព្រះវិហារឱ្យបានធំទូលាយ។ រៀបចំផ្លូវថ្មើរជើងនៅតាមដងស្ទឹងសែន។

រៀបចំផ្លូវក្រវ៉ាត់ក្រុងដើម្បីការពារពីការជន់លិចជំនន់ទឹកស្ទឹងសែននិងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនទៀតឱ្យក្លាយជាក្រុងមួយដែលស្អាតសម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បណ្ដាក្រុង/ស្រុក ខិតខំចូលសិក្សារៀបចំប្លង់គោលដើម្បីអភិវឌ្ឍនៅក្នុងក្រុង/ស្រុករបស់ខ្លួន ឱ្យបានស្អាត មានរបៀបរៀបរយ មានសោភ័ណភាពល្អ មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ស៊ុម វណ្ណា





