ឯកឧត្តម នួន ផារ័ត្ន ជំរុញឱ្យអាជ្ញាធរក្រុង ស្រុកខិតខំកសាងប្លង់គោលដើម្បីអភិវឌ្ឍមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជុំវិញដល់អាជ្ញាធរក្រុង ស្រុកខិតខំកសាងប្លង់គោលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។ ឯកឧត្តមបានធ្វើការណែនាំដូចនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋមានភាពសុខុដុមរមនា ជាពិសេសពិធីឆ្លងឆ្នាំសកលមានភាពសប្បាយរីករាយមិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយហើយប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងនៅក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ។

សូមអរគុណរដ្ឋបាលស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលបានសហការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានបទល្មើសកើតឡើងជាថ្មីនៅដីតំបន់បីនោះឡើយ។ នេះគឺជាការខិតខំប្រឹងប្រែងរបស់បញ្ជាការស្រាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ការពារធនធានធម្មជាតិឱ្យបានគង់វង្ស។

ការរៀបចំសន្និបាតបូកសរុបការងាររដ្ឋបាលខេត្តឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥នេះបានដោយជោគជ័យ ដោយមានការសហការជាមួយមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកដែលបានខិតខំអនុវត្តការងារកន្លងមក។ ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់អ្នកចូលរួមទាំងអស់ និងដាក់គោលការណ៍ចំនួន៦ចំណុចដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពគឺ៖ ១. ត្រូវធ្វើស្លាកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងនិម្មិតសញ្ញាផ្សេងៗទៀត ដោយដាក់តាំងនៅតាមដងផ្លូវសាធារណៈឱ្យបានច្រើនកន្លែង។ ២. បញ្ហាស្រូវ និងទឹកត្រូវតែសម្រួលដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា។ ៣. ពាក់ព័ន្ធទៅនឹងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានការបើកគ្លីនិកដែលមិនមានច្បាប់។ ៤. ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៥. ការងារសន្តិសុខ(បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើងនិងច្បាប់ចរាចរណ៍ផ្លូវគោក) រួមគ្នាផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង៦. ការបាញ់ថ្នាំដើម្បីការពារជំងឺផ្សេងៗដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលនៅក្នុងក្រុងស្ទឹងសែន៕
ដោយ ស៊ុម វណ្ណា





