ឯកឧត្ដម ឃួង ស្រេង ផ្តល់ផ្ទះមួយខ្នង និងផ្ដល់ធ្វើបណ្ណ ប.ស.ស ជូនប្អូនមានពិការភាពដែមានជំនាញគូររូប
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ផ្ទះមួយខ្នង និងផ្ដល់ធ្វើបណ្ណប.ស.ស ជូនប្អូនមានពិការភាពជំនាញគូររូប ឈ្មោះ សល់ សុខចាន់ ក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនមានពិការភាព ខណៈអាជ្ញាធរមិនបានធ្វើទុក្ខបុកម្នេញ ប្អូនប្រុសមានពិការភាពដែលមានទេពកោសល្យគូររូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡើយ។
ឯកឧត្ដមអភិបាលរាជធានីបានអញ្ជើញជួបសំណេះសំណាលផ្ទាល់ និងបានចំណាយពេលមើលប្អូនប្រុស សល់ សុខចាន់ គូរគំនូរនៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និងបានផ្តល់ជម្រើសដល់ប្អូនប្រុសអាចជ្រើសរើសទីតាំងណាមួយដែលយល់ថាល្អ និងអាចរកចំណូលបានច្រើន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូន ប្អូនៗទាំងពីរនាក់ផងដែរ។

ក្នុងនាមសម្ដេចធិបតីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកោសល្យ ក្នុងការគូររូប ធ្វើជាមុខរបរអាជីវកម្មចិញ្ចឹមជីវិតដោយខ្លួនឯង។ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតីតែងបានណែនាំ និងក្នុងនាមអាជ្ញាធរ ត្រូវមកមើល និងរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។ សូមបញ្ជាក់ថា ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រើជើងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលរាជធានីបានគូសបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ថវិកាចំនួន៣លានរៀលដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រីណារី ខណៈប្អូនស្រីកំពុងតែមានផ្ទៃពោះដែលថវិកានេះអាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរ អាចជូនទៅពិនិត្យ ដោយមិនមានបង់ថ្លៃក្នុងការពិនិត្យឡើយ។
ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ផ្ទះមួយខ្នងជូនប្អូនប្រុស និងភរិយា ក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះធ្វើឡើងសម្រាប់ជួយដល់ជនក្រីក្រ ក្រមែនទែន ដែលគ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទុរគតជន ដែលគ្មានកន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រី ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានផ្តល់នៅផ្ទះនេះមួយល្វែងមានទំហំ៣គុណ៦ម៉ែត្រ ដែលអាចស្នាក់នៅបានចំពោះប្អូនដែលមិនទាន់មានកូនចៅ។
ដូច្នេះទីតាំងនេះ ប្អូនស្នាក់នៅប្រសើរជាងប្អូនទៅរស់នៅផ្ទះជួលហើយមានចម្ងាយឆ្ងាយ។ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ខ្ញុំសូមបញ្ជាក់ឡើងវិញជុំវិញការផ្សាយ និងការភ័ន្តច្រឡំកាលពីម្សិលមិញថា អាជ្ញាធរធ្វើទុកបុកម្នេញ ប្អូនមានពិការភាពដែលមានទេពកោសល្យ មិនមែនជាការពិតទេ។ ពេលឮដំណឹងនេះ ខ្ញុំបានប្រកាសព័ត៌មានផ្សព្វផ្សាយ ដើម្បីស្វែងរកប្អូន ហើយខ្ញុំក៏ឱ្យអាជ្ញាធរខណ្ឌយើងស្វែងរកឃើញប្អូន ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរបស់យើង ហើយនៅថ្ងៃនេះឯកឧត្ដមបានមកជួបដោយផ្ទាល់ក៏បានផ្ដល់នូវឱកាសជូនគាត់ ដើម្បីប្រកបរបរអាជីវកម្ម។

ជាងនេះទៅទៀត ទីតាំងណាដែលមានអតិថិជនអាចប្រកបមុខរបរអាជីវកម្មបាន យើងនឹងបង្កលក្ខណៈជូនគាត់ មិនថាវត្តភ្នំ មិនថាមាត់ទន្លេ ឬសួនច្បារហើយមិនថាទីតាំងណាទេ យើងនឹងបង្កលក្ខណៈចាំបាច់សម្រាប់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាព បញ្ចេញនូវវិជ្ជាជីវៈជីវរបស់គាត់ ស្វែងរកចំណូលចិញ្ចឹមជីវិត។ ប្អូនប្រុស សល់ សុខចាន់ បានលើកឡើងថា ខ្លួនមានអាយុ២៤ឆ្នាំ បានជ្រើសរើសអាជីពជាអ្នកគូររូប ផាត់ពណ៌ ដោយប្រើជើងជំនួសដោយដៃជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទទួលបានកម្រៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ អស់រយៈពេល២ឆ្នាំមកហើយ។
ក្រៅពីជំនាញគូរគំនូរនេះ ខ្លួនមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរសព្ទ និងកុំព្យូទ័រជាដើម។ ក្នុងនោះតាមរយៈគូររូបខាងលើនេះ ខ្លួនអាចរកចំណូលបាន ចន្លោះ៤ទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ។
ជាមួយគ្នានេះដែរ ប្អូនប្រុសសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលដ្ឋដែលជួបកាលលំបាក ខ្វះខាត ជាពិសេសជនមានពិការភាពដូចជារូបលោកនាពេលនេះ។ ជាមួយនឹងការផ្តល់ជម្រើសទីតាំងជូនប្អូនប្រុសហើយនោះ ឯកឧត្តមបានផ្តល់អំណោយជាអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ត្រីខ២យួរ និងទឹកសុទ្ធ២កេសផងដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត៕
ដោយ សួស សំរិត




