អង្គការ USAID មរតកបៃតង រៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារបឹងលំកុដ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
កម្មវីធីពិព័រណ៍ ម្ហូបអាហារបឹងលំកុដ បានផ្តល់នូវបទពិសោធន៍ដ៏រីករាយមួយដល់អ្នកមកទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិ បឹងលំកុដ នាពេលថ្មីៗនេះ។

ប្រភពពីអង្គការ USAID បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្មវិធីដ៏វិសេសវិសាលដែលរួមមានការភ្លក្សរសជាតិពិតៗនៃម្ហូបជនជាតិដើមភាគតិចទំពួន ការលំហែកម្សាន្តនៅមាត់បឹងលំកុដដ៏ត្រជាក់ អមដោយធម្មជាតិបៃតងស្រស់បំព្រងព័ទ្ធជុំវិញ បានបង្ហាញពីភាពអស្ចារ្យនៃការដាក់បញ្ចូលគ្នារវាងវប្បធម៌ ធម្មជាតិ និងការចូលរួមរបស់សហគមន៍នៅក្នុងព្រឹត្តិការណ៍ដ៏រីករាយនេះ។

យើងសូមអរគុណយ៉ាងខ្លាំងចំពោះភ្ញៀវទាំងអស់ ដែលបានមកចូលរួមគាំទ្រ អេកូទេសចរណ៍ បឹងលំកុដ និងសហគមន៍ជនជាតិដើមភាគតិចទំពួននៅទីនេះ។ ប្រភពដដែលបន្តថា ការចូលរួមរបស់អ្នកទាំងអស់គ្នាបានជួយលើកកម្ពស់អេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងខេត្តរតនគិរីរបស់យើង៕

ដោយ ណយ នឿន (ប្រភព៖ USAID មរតកបៃតង)




