ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម ដែលថ្នាលបឋមនេះត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្ស ដោយមានមុខងារដូចជា៖

១) សិស្សអនុវត្តសកម្មភាពសិក្សា និងសំណួរតេស្តលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ដើម្បីអភិវឌ្ឍបំណិនត្រិះរិះពិចារណាឱ្យកាន់តែស៊ីជម្រៅ។
២) គ្រូបង្រៀនអាចតាមដានសកម្មភាពសិក្សា និងលទ្ធផលសិក្សារបស់សិស្ស ដើម្បីរៀបចំផែនការបង្រៀនស្របតាមសមត្ថភាពសិស្ស។
៣) គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សាអាចប្រើប្រាស់ថ្នាលបឋមសម្រាប់អភិវឌ្ឍន៍វិជ្ជាជីវៈជាប់ជាប្រចាំ តាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញ ដើម្បីទទួលបានក្រេឌីត។
៤) មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវអាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតាមគំរូតេស្តរង្វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ (ថ្នាក់ទី៥) និង៥) មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិអាចតាមដានការសិក្សា និងផ្តល់កិច្ចសហការក្នុងការជួយសិស្សទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបឋមសិក្សា និងអ្នកពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលនេះឡើង ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំបឋមសិក្សា តាមរយៈការទាញយកប្រយោជន៍ជាអតិបរិមាពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំនៅកម្ពុជា ជាពិសេសឆ្លើយតបនឹងទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការការលើកកម្ពស់ការបណ្តុះបណ្តាល និងការបំប៉នបន្ថែមដល់គ្រូបង្រៀនលើការអនុវត្តវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដោយមានឈ្មោះថា «កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» ដើម្បីបំប៉នបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ និងអ្នកពាក់ព័ន្ធឱ្យមានសមត្ថភាពសមស្របក្នុងការបង្រៀន និងជួយគាំទ្រដល់សិស្សឱ្យទទួលបានចំណេះដឹងជាមូលដ្ឋានលើផ្នែកអំណាន សំណេរ និងគិតលេខ ធានាសិស្សឱ្យចេះអាន ចេះសរសេរ និងចេះគិតលេខបានល្អប្រសើរបន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា។

ជាមួយគ្នានេះដែរ ឯកឧត្តមបានណែនាំដល់អង្គភាពជំនាញឱ្យបន្តអភិវឌ្ឍថ្នាលបឋម គាំទ្រ និងលើកកម្ពស់ការបណ្តុះបណ្តាលនៅគ្រឹះស្ថានដល់គ្រូបង្រៀន ដោយធានាថា គ្រូបង្រៀនចេញថ្មីមានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារអំណាន និងគណិតវិទ្យា ទទួលស្គាល់គ្រូបង្រៀនដែលមានការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប្រចាំ និងការប្រើប្រាស់សូចនាករសម្រាប់វាយតម្លៃការបំពេញការងាររបស់គ្រូបង្រៀន និងសាលារៀនជាដើម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




